(ពោធិ៍សាត់)៖ អគ្គិភ័យមួយបានលេបត្របាក់ តូបប្រជាពលរដ្ឋ ដែលប្រកបរបរលក់សាំង និងហ្វូតូកូពី ខ្ទេតគ្មានសល់ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខរបងទ្វារ វត្តយាកាបក្រោម ស្ថិតនៅក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆាបឆេះពីទីតាំងលក់សាំង បន្តឆេះយ៉ាង សន្ទោសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្តង ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកក្រគរ បានជួយអន្ដរាគមន៍ បាញ់ពន្លត់ អស់ទឹកអស់១ឡានទើបពន្លត់បាន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តូបដែលត្រូវភ្លើងឆេះទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៦គុណ៦ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះ សេង សាំ អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ សួន ដានី អាយុ២៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយប្រកបរបរលក់សាំង លក់ទូរស័ព្ទ និងហ្វូតូកូពី។
សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន ម៉ាស៊ីនហ្វូតូកូពី១គ្រឿង ម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនស្កែនរូបភាព១គ្រឿង ម៉ាស៊ីនព្រីនធឺរ១គ្រឿង ទូរស័ព្ទដៃ៣០គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ដែលមានក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ៕