(ស្ទឹងត្រែង)៖ អាជ្ញាធរស្រុកសេសាន បានសាងសង់ផ្លូវបេតុងចូលទៅភូមិការតូត ជាភូមិជនជាតិព្រៅរស់នៅ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក និងបានទាក់ទាញភ្ញៀវទេសចរនៅរដូវប្រាំងនេះ ឲ្យទៅលេងកំសាន្ត បានស្គាល់និងបានស្វែងយល់ពីប្រវត្តិជនជាតិដើមភាគតិចផង។

ក្នុងសកម្មភាពសាងសង់ផ្លូវបេតុងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុក បានបញ្ជាក់ថា នៅស្រុកសេសាន មានជនជាតិដើមភាគតិចរស់នៅ ដូចជាជនជាតិព្នង និងជនជាតិព្រៅជាដើម ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំ ឲ្យមានផ្លូវស្ពាន ទឹក ភ្លើង ដោយឡែក អាជ្ញាធរស្រុកសេសាន ក៏បានកំពុងសាងសង់ផ្លូវបេតុង ចូលទៅកាន់ភូមិជនជាតិព្រៅនេះផងដែរ។

លោកបន្តថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវគ្រួសក្រហម មានចម្ងាយជិត២០គីឡូម៉ែត្រ រងការខូចខាតពីជំនន់ទឹកភ្លៀង បង្កភាពលំបាកក្នុងការធ្វើចរាចរណ៍ បច្ចុប្បន្នត្រូវសាងសង់ជាផ្លូវបេតុងជំនួសវិញ បានជាងមួយគីឡូម៉ែត្រហើយ នៅឆ្នាំ២០២៣ និងសាងសង់បន្ថែមទៀត។

លោកក៏សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយ ខិតខំថែរក្សានៅទ្រព្យសម្បត្តិ ជាមរតករបស់រាជរដ្ឋាភិបាលនេះ ដោយកុំដឹកលើសទម្ងន់ ហើយបើសិនជាមានមែកឈើ ដើមឈើ វាដួលសង្កត់អី ជួយរើ ជួយមើលគ្នាហើយជួយណែនាំ កុំឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសគឺយុវជនបើកម៉ូតូលឿន ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពចរាចរណ៍ផងដែរ។

លោក ផាវ៉ា តំណាងឲ្យប្រជាពលរដ្ឋ នៅភូមិកំភុន បានបញ្ជាក់ថា លោករីករាយសប្បាយចិត្តណាស់ ហើយសំណូមពររបស់លោកអភិបាលស្រុក លោកនិងជួយដាស់តឿនបន្ថែម ទៅប្រជាពលរដ្ឋយើង ឲ្យជួយសម្អាតបរិស្ថាន ក្នុងពេលភូមិយើងមានផ្លូវបេតុងល្អបែបនេះ។

លោកស្រី ផាយ ណារី ប្រជាពលរដ្ឋនៅភូមិកំភុន បានគាំទ្រចំពោះការលើកឡើងនេះ ព្រោះថា ការមកធ្វើយឺតពិតជាល្អជាងមិនបាន ហើយនៅមូលដ្ឋានជនបទមានផ្លូវបេតុងធ្វើដំណើរស្រួល ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានរៀបចំអភិវឌ្ឍឲ្យមានផ្លូវ ទឹក ភ្លើង ប្រជាពលរដ្ឋប្រើប្រាស់បានស្រួល។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានប្រវែងជិត២០គីឡូម៉ែត្រ ចេញពីទីរួមស្រុកសេសាន ឆ្ពោះទៅផ្លូវជាតិលេខ៧៨ បែកចេញទៅខេត្តរតនគិរី ខេត្តក្រចេះ និងចូលទៅក្រុងស្ទឹងត្រែងផងដែរ៕