(បាត់ដំបង)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទា ដែលរៀបចំដោយគណៈ កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ICRC នៅឯមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបងក្រោមអធិបតីភាព លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល និងជានាយកមូលនិធិជនពិការ និងជាតំណាងលោក វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកសុខ លូ អភិបាលខេត្តបាត់ដំបង។

កម្មវិធីស្ដារលទ្ធភាពពលកម្មកាយសម្បទា ជួយដល់ជនមានពិការភាពទទួលបាននូវសមត្ថភាព ក្នុងការធ្វើចលនាឡើងវិញ ដែលអាចឱ្យពួកគាត់រស់នៅក្នុងភាពថ្លៃថ្នូរ និងដើរតួនាទីយ៉ាងសកម្មក្នុងសង្គម។

លោក សុខ លូ បានលើកឡើងថា ខេត្តបាត់ដំបងជាអតីតសមរភូមិក្ដៅគគុករវាងទ័ពខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ដែលតែងតែប្រយុទ្ធគ្នាជាញឹកញាប់ និងជាខេត្តមួយដែលត្រូវបានកងទ័ពទាំងពីរភាគីបានដាក់គ្រាប់មីនរាប់លានគ្រាប់ ក្នុងការការពារសត្រូវរៀងៗខ្លួន។

លោកបានបន្តថា គ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាមទាំងនេះ បង្កឱ្យមានជនរងគ្រោះជាច្រើនបាត់បង់ជីវិត និងខ្លះទៀតបង្កទៅជាពិការភាព ដោយអ្នកខ្លះត្រូវពិការដៃឬ ជើងជាដើម ដែលធ្វើឱ្យគាត់ទាំងអស់នោះពិបាកក្នុងការធ្វើបម្លាស់ទី និងបំពេញការងារឬមុខរបរផ្សេងៗផងដែរ។

លោកបានបញ្ជាក់ថា អង្គការ ICRC បានបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម ដើម្បីផលិតអវយវៈសិប្បនិម្មិតចែកជូនដោយឥតគិតថ្លៃដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនងាយរងគ្រោះ ផ្សេងទៀត ព្រមទាំងសេវាសង្គមផងដែរ ដែលជាអង្គការមួយមានវ័យចំណាស់ជាងគេ ក្នុងចំណោមអង្គការជាច្រើន ដែលបម្រើការងារក្នុងវិស័យស្ដារនេះ ដែលបានចាប់ដំណើរការតាំងពីចុងទស្សវត្សរ៍៧០។

លោក ស៊ឹម សុធន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុក ដាក់ខ្ពស់លើការផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់សុខុមាលភាព និងសេវាស្ដារលទ្ធភាពពលកម្មជូនជនពិការ។

លោកបានបន្តទៀតថា នៅកម្ពុជា អង្គការ ICRC បាននិងកំពុងជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន២ គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគខេត្តបាត់ដំបង។

ចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះ បានគ្របដណ្តប់សេវាកម្មចំនួនប្រាំខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការ បណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើការចូលរួមលេងកីឡា និងជំនួយជាសាច់ប្រាក់ដើម្បីបង្កើតអាជីវកម្មខ្នាតតូចជាដើម។ នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការ ICRC ក្នុងការជួយដល់ជនពិការនៅក្នុងប្រទេសកម្ពុជា៕