(ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយប្រើប្រាស់ រថយន្តមន្ទីរពិសោធន៍ ចល័តម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញម្ហូបអាហារ ផលិតផលប្រើប្រាស់ នៅផ្សារបឹងកេងកង ស្ថិតនៅក្នុងខណ្ឌបឹងកេងកង ដោយដកយកគំរូបចំនួន ៤៥មុខ យកមកពិសោធន៍ នៅរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅក្នុងចំណោមគំរូ ៤៥មុខខាងលើ នោះទេ។
លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក៏បានធ្វើការពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ ពីឯកសារច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផល ម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែក ចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
ក្នុងប្រតិបត្តិការខាងលើនេះ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕