(ភ្នំពេញ)៖ ស្រ្តីជំនួញល្បីឈ្មោះនៅក្នុងសង្គមម្នាក់ ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ជាផ្លូវការ និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀត។

លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន​ និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។

ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រី ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង៧៧ម៉ឺនដុល្លារ៕