(ភ្នំពេញ)៖ នៅក្នុងឱកាសដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ គណៈកម្មាធិការនយោបាយ (AIPA43) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាគ្នាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការជំរុញ សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម ឆ្ពោះទៅមជ្ឈភាពអាស៊ាន។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន តំណាងគណៈប្រតិភូសភានៃប្រទេសសមាជិកអាយប៉ាទាំង៨ គឺមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
កិច្ចប្រជុំនេះដំណើរការទៅក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយនៃអន្តរសភាអាស៊ាន (AIPA43) ជាប្រធានដឹកនាំកិច្ចប្រជុំ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាប្រធានគណៈប្រតិភូសភាកម្ពុជា និងលោក ជាម ប៉េអា សមាជិករដ្ឋសភា ជាអ្នករាយការណ៍អំពីកិច្ចប្រជុំ។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ រៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ចសន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្នាដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។
កិច្ចប្រជុំនាពេលនេះ បានធ្វើការពិភាក្សាគ្នាលើ សេចក្តីព្រាងសេចក្តីសម្រេចចំនួន០៥ រួមមាន៖
ទី១៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភាអាយប៉ា លើកទី ១៣» (Report of the 13th AIPA Caucus)
ទី២៖ សេចក្តីព្រាងព្រាងសេចក្តីសម្រេច «របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» (Report of the ASEAN-AIPA Leader’s Interface during the 40th and 41st ASEAN SUMMIT)
ទី៣៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម តាមរយៈមជ្ឈភាពអាស៊ាន» (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)
ទី៤៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)
និងទី៥៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)
កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅ ដោយរលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយអង្គប្រជុំបានឯកភាពបញ្ចូលសេចក្តីព្រាងទាំង០៥ ទៅដាក់ជូនមហាសន្និបាតអាយប៉ាលើកទី៤៣ អនុម័ត្តក្នុងកិច្ចប្រជុំពេញអង្គលើកទី២ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕