(ភ្នំពេញ)៖ គណៈប្រតិភូសភាសមាជិកអាយប៉ាចំនួន៨ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំគណ:កម្មាធិការសង្គមកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA អាយប៉ាលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានលើកយកសេចក្ដីព្រាង សេចក្ដីសម្រេចចំនួន២ ស្ដីពីការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន យកមកធ្វើការពិភាក្សាគ្នា។

កិច្ចប្រជុំគណ:កម្មាធិកាសង្គមកិច្ចនាពេលនេះ ដឹកនាំដោយ លោក យ៉ង់ សែម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រធានប្រតិភូគណៈកម្មាធិការសង្គមកិច្ច អាយប៉ា កម្ពុជា ជាប្រធានកិច្ចប្រជុំ លោក អ៊ុក ដាមរី សមាជិករដ្ឋសភា ជាប្រធានគណ:ប្រតិភូសភាកម្ពុជា និងលោក សន សារ៉ាណា សមាជិករដ្ឋសភា ជាអ្នករាយការណ៍ពីកិច្ចប្រជុំ។

សមាជិកអង្គប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃអន្តរសភាអាស៊ាន (AIPA43) បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសទៅលើរបៀបវារៈ ដែលជាសេចក្ដីព្រាង សេចក្ដីសម្រេច ទាំង២ របស់គណៈកម្មាធិការ ដោយគណៈប្រតិភូសមាជិកអាយប៉ា បានចូលរួមកែសម្រួលពាក្យពេចន៍ និងសម្រួលខ្លឹមសារមួយចំនួន ជាការផ្ដល់ធាតុចូលបន្ថែម ដើម្បីឲ្យសេចក្ដីព្រាងសេចក្ដីសម្រេចទាំង២ កាន់តែមានអត្ថន័យល្អប្រសើរឡើង។

កិច្ចប្រជុំគណ:កម្មាធិការសង្គមកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានឯកភាពគ្នាលើ សេចក្តីព្រាងសេចក្តីសម្រេចទាំង២ ដោយសម្រេចនឹងយកទៅដាក់ឆ្លងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ធ្វើការអនុម័ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ៕