(ភ្នំពេញ)៖ លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរ លោកស្រី លឹម មុនី្ន មន្ត្រីសមាគមអាដហុកនៅតុលាការហើយ នៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្រោយបញ្ចប់ការសាកសួរ លោកស្រី លឹម មុនី្ន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកនេះថា តុលាការបានសួរចម្លើយលោកស្រី ពាក់ព័ន្ធនឹងរឿងសូកប៉ាន់សាក្សី ដែលតុលាការ បានចោទប្រកាន់ លោកស្រី កាលពីគ្រាមុន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសាកសួរបន្ថែមទៀត លើ លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក នៅតុលាការ។ ជាការសាកសួរបន្ថែម ក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងពាក្យបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
កាលពីម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន សាកសួរបន្ថែម លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿង សមគំនិតស៊កប៉ាន់សាក្សី ហើយថ្ងៃនេះសាកសួរបន្ថែមទៅទៀត លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក។
គួរបញ្ជាក់ថា លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីចុងខែមេសា ជាមួយមន្រ្តីអាដហុក៣រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា ជាមួយនិង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ មន្រ្តីអាដហុក៤នាក់ ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕