(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី៣ នៃមហាសន្និបាតអន្តរអាស៊ាន (AIPA) លើកទី៤៣ បានបើកកិច្ចប្រជុំគណៈកម្មាធិការនយោបាយ, គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច, គណៈកម្មាធិការកិច្ចការសង្គមកិច្ច, គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។

ពិធីបើកជាផ្លូវការនៃមហាសន្និបាតអន្តរសភាអាយប៉ា លើកទី៤៣ ត្រូវធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធបិតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទាំងថ្នាក់ដឹកនាំសភាមកពីប្រទេសអាស៊ាន និងដៃគូនានា។

សម្រាប់ការបើកមហាសន្និបាត គឺមានកិច្ចប្រជុំសំខាន់ៗចំនួនរួមមាន៖ សម័យប្រជុំពេញអង្គលើកទី១, កិច្ចប្រជុំសភាសមាជិកស្ត្រីអាយប៉ា (វ៉ាយប៉ា) និងកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភឺអេ)។

អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕