(បាត់ដំបង)៖ សត្វកែះមួយក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋ ក្រោយពីត្រូវបានជាប់អន្ទាក់របស់ព្រាន និងដេញចាប់ប្រផាប់ប្រភីង ដោយក្រុមព្រានព្រៃ។

«សត្វកែះនេះ បានធ្លោះចង្កេះ របួសជើង និងសន្លប់ក្រោយធ្លាក់ពីលើជ្រោះ ហើយក្រុមព្រានបានរត់គេចខ្លួន។ សត្វកែះនេះកំពុងត្រូវបានថែរក្សាការពារ ដោយមន្ត្រីឧទ្យានរុក្ស»។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

មន្ត្រីនាំពាក្យរូបនេះបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញ ពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរទៅជួយសង្គ្រោះសត្វកែះមួយក្បាល ដែលរងរបួសនេះ។

លោក នេត្រ ភក្ត្រា បានថ្លែងថា សត្វកែះជាប្រភេទសត្វកម្រ នៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

ជាមួយគ្នានេះដែរ លោកបានថ្លែងថា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យពិតប្រាកដ ពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែសត្វកែះនេះមានដង់ស៊ីតេ រស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។

លោកបានគូសបញ្ជាក់ដែរថា ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ខែ។ កូនរបស់វារស់នៅជាមួយមេវាស្ទើរពេញ ១ឆ្នាំ ទើបចាកចេញ។

យោងតាមការសិក្សា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មិល្លីម៉ែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។

តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វាហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕