(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងរំលឹកពីការសន្ទនា ក្នុងជំនួបទ្វេភាគីរបស់សម្តេចជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាក្នុងជំនួបនោះ សម្តេចបានស្នើឲ្យលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ពិនិត្យ ពិចារណាលទ្ធភាពក្នុងការដាក់បញ្ចូល ការបំផ្លាញចោលនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងផែនការអភិវឌ្ឍដោយចីរភាព ហើយជាការឆ្លើយតប លោកអគ្គលេខាធិការនឹងយកសំណើនេះ ពិចារណាជាមួយនឹងបណ្តាប្រទេសនានា ដែលជាសមាជិកអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាគ្រាប់មីនមែនជាបញ្ហាដាច់ដោយឡែក សម្រាប់ប្រទេសនីមួយៗទៀតទេ គឺជាបញ្ហារួមរបស់ពិភពលោក សូម្បីតែនៅប្រទេសអ៊ុយក្រែន ក៏នឹងត្រូវប្រើពេលជាច្រើនឆ្នាំ ដើម្បីបំផ្លាញចូលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងជំនួបដាច់ដោយឡែករវាងខ្ញុំ និងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានស្នើឲ្យគាត់ពិចារណា ពិនិត្យមើលពេលដែលពិនិត្យពាក់កណ្តាលអាណត្តិ នៃការអភិវឌ្ឍប្រកបដោយចីរភាព គប្បីគួរដាក់បញ្ចូលអំពីបញ្ហាមីន ព្រោះខ្ញុំមានអារម្មណ៍ថា ប្រទេសជាច្រើនដែលជាប្រទេសអ្នកមាន គេគ្មានមីនទេ ដូច្នេះគេលើកឡើងទាក់ទងជាមួយការអភិវឌ្ឍសហវត្សរ៍ រហូតមកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ គឺមិនមានដាក់ចេញ អំពីការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទេ ប៉ុន្តែលើការជាក់ស្តែងសកម្មភាព នៅទូទាំងពិភពលោកបច្ចុប្បន្ននេះ បញ្ហាមីនបានក្លាយទៅជាបញ្ហាមួយ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលយកនូវសំណើនេះ ដើម្បីពិចារណាជាមួយនឹងបណ្តាប្រទេសនានា ដែលជាសមាជិក អង្គការសហប្រជាជាតិ»

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការហួសចិត្ត ដែលមានព័ត៌មានមួយចំនួន លើកឡើងថា ក្នុងជំនួនរបស់សម្តេច និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយពាក់ព័ន្ធនឹងរឿងផ្ទៃ ក្នុងរបស់កម្ពុជា។ សម្តេចអះអាងថា លោកអគ្គលេខាធិការ UN មិនបាននិយាយអ្វីសោះ ពីការងារផ្ទៃក្នុងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្រៅពីពិភាក្សារឿងបញ្ហាមីន សម្តេចនិងលោកអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ បញ្ជូនកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងបញ្ហាការកាត់ទោសអតីតមេដឹកនាំ ក្នុងរបបខ្មែរក្រហម និងបញ្ហាពាក់ព័ន្ធតំបន់ និងអន្តរជាតិផ្សេងៗមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ក្នុងជំនួបរវាងសម្តេចតេជោ និងអគ្គលេខាធិការ UN សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក និងបានជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឯកឧត្តមអគ្គលេខាធិការ Guterres បង្កើនជំនួយរបស់អង្គការសហប្រជាជាតិ លើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥» និងបានស្នើបញ្ចូលការដោះមីន ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់សម្តេចតេជោលើការដោះមីន និងបានធានាចំពោះសម្តេច ក្នុងការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើ និងសំណូមពរ។

ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕