(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះការបំផុសតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដែលថា លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកសំណើមួយចំនួនទាក់ទងនឹងផ្ទៃក្នុងរបស់កម្ពុជា នៅពេលជួបជាមួយសម្តេចនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំកំពូលអាស៊ានបានបិទបញ្ចប់។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចបានបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបន្ទាប់ពីជំនួបរវាងខ្ញុំ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ បែរជាមានការលើកឡើងទាក់ទិនជាមួយរឿងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឱ្យខ្ញុំធ្វើនេះធ្វើនោះទាក់ទងនឹងកិច្ចការផ្ទៃក្នុងកម្ពុជា វាអត់មានទាល់តែសោះ»

សម្តេចបានលើកឡើងថា សម្តេចនិងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជាដៃគូល្អជាមួយគ្នាតាំងពីទសវត្ស ៨០ ឯណោះ ដែលពេលនោះគាត់ជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ហើយសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា។

«អញ្ចឹង យើងស្គាល់គ្នាមិនមែនមួយថ្ងៃពីរថ្ងៃទេ គាត់ជួបខ្ញុំពេលណាក៏ដោយ គាត់មិនដែលនិយាយរឿងកិច្ចការផ្ទៃក្នុងកម្ពុជាទេ គឺអត់ទេ ប៉ុន្តែខ្ញុំអត់នឹកថា ស្រាប់តែនរណា មិនដឹងជាមន្ត្រីអង្គការសហប្រជាជាតិរូបណា ដែលប្រកាសព័ត៌មានហ្នឹងចេញ ឬក្រុមមនុស្សណាចេះតែបំផុសព័ត៌មាន»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចបានបង្ហើបថា ក្នុងជំនួបនោះ សម្តេចបានពិភាក្សាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស តែលើបញ្ហាមីន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ លើបញ្ហាការកាត់ទោសខ្មែរក្រហម។

សម្តេចបានបង្ហើបទៀតថា អ្វីដែលសម្តេចបានលើកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺថាគប្បីដាក់ចេញនូវគោលដៅស្តីពីបញ្ហាមីន ចូលទៅក្នុងផែនការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ដែលពីមុនហៅថា ការអភិវឌ្ឍន៍សហសវត្ស ប៉ុន្តែពេលនេះហៅថា ការអភិវឌ្ឍន៍ដោយចីរភាព គឺមានតែ១៧គោលដៅទេ តែយើងដាក់ចេញ១៨គោលដៅ ប៉ុន្តែដៃគូរបស់យើងបានគាំទ្រលើបញ្ហានេះ៕