(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា បានឈានទៅដល់ការប្រកាសខេត្ត-រាជធានីចំនួន៥គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះ ភូមិចំនួន ១,៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យោងតាមរបាយការណ៍លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជាមានពេលប្រមាណ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេច បានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិ ផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាសប្បុរសជនប្រមាណ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏សូមបន្តអំពាវនាវ ដល់សប្បុរសជនចូលរួមឧបត្ថម្ភដល់ថវិកា សម្រាប់សកម្មភាពបោសសំអាតមីន។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាល ពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាល បានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។

ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕