(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំនួបរវាងសម្តេចជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញថ្មីៗនេះ មិនបានជជែកអំពីរឿង កញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ។ ជុំវិញបញ្ហានេះ សម្តេចបានស្នើឱ្យ អ្នកអត្ថាធិប្បាយមួយចំនួនដែលមានការយល់ច្រឡំពោះរឿងនេះ គោរពដល់ក្រមសីលធម៌ នៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការចោទសួរ និងធ្វើអត្ថាធិប្បាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានមកចូលរួមកិច្ចប្រជុំអាស៊ាន នៅកម្ពុជា កាលពីថ្ងៃទី១២-១៣ ខែវិច្ឆិកា កន្លងទៅនេះ បានស្នើឱ្យមានការដោះលែង កញ្ញា សេង ធារី ក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំអត់នឹកដល់ថាវាមានរឿងកើតឡើង ដល់ពេលស្តាប់ៗទៅ វាទៅជារឿងមួយផ្សេងទៅទៀត ខ្ញុំមិនយល់»

សម្តេចបានបកស្រាយថា រាល់ជំនួបរបស់មេដឹកនាំគឺមានកំណត់ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែល លោក ចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ។

«តែខ្ញុំអត់នឹកថា ចូ បៃដិន ស្នើអញ្ចេះ ចូ បៃដិន ស្នើអញ្ចុះ ខ្ញុំអត់ឮ ដល់ពេលខ្ញុំអត់ឮ មិនដឹងផ្អែកលើអ្វី? អ្នកកាសែតសួរអញ្ចេះៗៗ ខ្ញុំថាទេ អាហ្នឹងទៅសួរអាមេរិកាំង ខ្ញុំវាអត់ដឹងមែន»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។

សម្តេចបានបង្ហើបទៀតថា នៅក្នុងជំនួបនោះ សម្តេចបានសរសើរពីភាពសកម្មរបស់អាមេរិក ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ ដល់ចំណុចនេះ សម្តេចបានអះអាងថា លោក ចូ បៃដិន ក៏បានសន្យាជាមួយសម្តេចដែរថា វត្ថុបុរាណនោះអាចនឹងមាននៅសេសសល់ថែមទៀត ហើយលោកនឹងប្រឹងប្រែងបន្ថែម ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ លោក ចូ បៃដិន បានលើកនូវចំណុចមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់បុរាណខ្មែរ។

សម្តេចបញ្ជាក់ថា «រឿងខ្លះវាអត់មានទាល់តែសោះ ហើយមកឱ្យខ្ញុំទទួលស្គាល់ថា "គេមកប្រដៅដល់ផ្ទះ " ខ្ញុំដូចជាមិនយល់ គាត់មកក្នុងឋានៈជាការចូលរួមប្រជុំអាស៊ាន ខ្ញុំទទួលគាត់រួចហើយយើងដើរជាមួយគ្នាទៅកាន់កន្លែងប្រជុំ ហើយពេលយប់បាយជាមួយគ្នាក៏អត់មាននិយាយអ្វីដែរ»

សម្តេចបានប​ន្តបង្ហើបទៀតអំពីខ្លឹមសារនៃជំនួបដោយបញ្ចាក់ថា លោក ចូ បៃដិន បានសង្កេតសិល្បៈបុរាណរបស់ខ្មែរ ហើយចោទសួរថា សំលៀកបំពាក់នេះ មានតាំងពីសម័យណាមក។ ពេលនោះ សម្តេចបានឆ្លើយថា សំលៀកបំពាក់នេះ គឺយកចេញពីសិលាចារិក តាមប្រាសាទនានា ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដោយក្នុងនោះក៏មានអប្សរាផងដែរ។

បន្ទាប់ពីឆ្លើយតបនឹងរឿងអត្ថាធិប្បាយជុំវិញជំនួបសម្តេចជាមួយ លោក ចូ បៃដិន, សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះការអត្ថាធិប្បាយមួយទៀត ដែលសម្តេចចាត់ទុកថា «ខុសពីការពិត» ទាក់ទងនឹងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដែលក្រុមអ្នកអត្ថាធិប្បាយទាំងនោះ បានលើកឡើងថា លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានផ្តល់ដំបូន្មានដល់មេដឹកនាំកម្ពុជា អំពីដំណើរការប្រជាធិបតេយ្យ។

សម្តេចបានអះអាងថា សម្តេច និង លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានស្គាល់គ្នាតាំងពីគាត់ធ្វើជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ម្ល៉េះ ហើយក៏ពុំមានអ្វីដូចទៅនឹងការអត្ថាធិប្បាយចោទប្រកាន់នោះដែរ៕