(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លេអថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជាបានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងឆ្នាំ ២០១១ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានគេទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនរងគ្រោះដោយសារមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានថយចុះយ៉ាងខ្លាំងពីចំនួន ៤,៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងទៅ សម្តេចបានស្នើឱ្យដាក់ចេញគោលដៅបោសសំអាតមីន ក្នុងផែនការអភិវឌ្ឍសហវត្សរ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច និងអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនមានជជែកលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លេងថា សម្តេច និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដៃគូល្អនឹងគ្នាតាំងទសវត្សរ៍៨០។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តជាខ្លាំង ចំពោះមានអ្នកខ្លះលើកឡើងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្គាប់បញ្ជាសម្តេចលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៦ ក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗ ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិក កណ្តាល ស៊ីប លីបង់ ស៊ីរី និងយេម៉ែន ដែលកម្លាំងរក្សាសន្តិភាពកម្ពុជា បាននិងកំពុងចូលរួមដើម្បីធ្វើការបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបន្តកសាងស្នាដៃដ៏ធំធេងជាច្រើនដូចជា ការបោសសម្អាតមីន ការកំទេចគ្រាប់ ការស្ថាបនាសំណង់ផ្តេក-បញ្ឈរ ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២ នេះ បានទទួលលំដាប់លេខរៀងទី២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកងកម្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលថ្មីៗនេះ សម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ ចំនួន ០៣រូប ដើម្បីបំពេញបេសកកម្មជួយហ្វឹកហ្វឺនជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយដល់អ៊ុយក្រែនបំផ្លាញចោលគ្រាប់មីន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានឈានដល់ការប្រកាសខេត្ត រាជធានីចំនួន ៥អស់មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ខេត្តចំនួន៧ទៀត នឹងឈានទៅប្រកាសជាខេត្តអស់មីន។ ខេត្តទាំងនោះរួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅនេះ សម្តេចបានស្នើឱ្យមានការជួយបោសសំអាតមីននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសប្បុរសជនប្រមាណ ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់សប្បុរសជនចូលរួមឧបត្ថម្ភដល់ថវិកាសម្រាប់សកម្មភាពបោសសំអាតមីន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងជជែកជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីប្រើប្រាស់ថវិកាជាតិ សម្រាប់ការបោសសំអាតមីននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រធានាធិបតីអាមេរិក មិនមាននិយាយពីរឿង សេង ធារី នោះឡើយ។ ជជែកគ្នាតែអំពីលំហប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជាបានបិទបញ្ចប់ តែបញ្ហាមីនមិនទាន់បញ្ចប់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបើកកិច្ចសហប្រតិបត្តិការជាមួយថៃ ដើម្បីបោសសំអាតមីនតាមព្រំដែនប្រទេសទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំ ឱ្យបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យ ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត «យន្តការភូមិអស់មីន» ឱ្យបានជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេសជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោសសំអាតមីន គឺជាកិច្ចព្រមព្រៀងអាជ្ញាធរបណ្តោះអាសន្ន SNC ជាមួយអ៊ុនតាក់ ក្រោមព្រះរាជាធិបតីភាពសម្តេច នរោត្តម សីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមត្រឹមតែ ១៨ឆ្នាំ តែគ្រាប់មីនប្រើពេល ៣០ឆ្នាំហើយ ដោះមិនទាន់អស់ទេ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នកអត្ថាធិប្បាយនានា មានសីលធម៌គោរពដល់ការជជែករបស់ថ្នាក់ដឹកនាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកជាប្រទេសឈានមុខគេ ក្នុងការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ។ អាមេរិក ឈានមុខគេលើបញ្ហានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានាធិបតីអាមេរិក បានចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងជំនួបជាមួយ លោក ចូ បៃដិន មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ដែលប្រព្រឹត្តទោសត្រឡប់មកកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីអង្គរជាកន្លែងជំនួបប្រកបដោយភាពស្ថាបនារវាងរដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកសារជាង១០០ ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន មិនមានជាប់គាំងនោះទេ គឺចេញបានទាំងអស់។

* ដើម្បីរួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖

១៖ សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ ២០២៥។

២៖ ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។

៣៖ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាល និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។

៤៖ អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត «យន្តការភូមិអស់មីន» ឱ្យបានជោគជ័យ។

៥៖ ខ្ញុំសូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យ សកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕