(ភ្នំពេញ)៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។

គណៈប្រតិភូអាយប៉ា បានប្រជុំពេញអង្គលើកទី១ នៅថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាអាយប៉ា សំដៅរក្សាស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ និងការស្តារឡើងវិញសង្គម-សេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ១៩ ក្នុងតំបន់ និងពិភពលោក។

សម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ និងគណៈប្រតិភូសភានៃប្រទេសអាស៊ានចំនួន៨។

ក្នុងកិច្ចប្រជុំនោះ សម្តេចពញាចក្រីហេងសំរិន បានលើកឡើងពីសារសំខាន់និងតួនាទីនៃស្ថាប័នសភានៃរដ្ឋសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់សំដៅ រក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

ជាមួយគ្នានេះថ្ងៃបើកមហាសន្និបាត គឺមានកិច្ចប្រជុំចំនួន៣ធំៗ រួមមាន៖ សម័យប្រជុំពេញអង្គលើកទី១, កិច្ចប្រជុំសភាសមាជិកស្ត្រីអាយប៉ា (វ៉ាយប៉ា) និងកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភឺអេ)។ កិច្ចប្រជុំនេះ គឺអាយប៉ា បានពិភាក្សាគ្នា ដើម្បីលើកកម្កើងកិត្យានុភាពរបស់អាយប៉ា បង្កើនភាពស្និតស្នាលជាមួយសភាក្នុងតំបន់ និងពិភពលោកបន្ថែមទៀត។

ដោយឡែកសម្រាប់កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា គឺបានពិភាក្សា និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖ ការសម្របសម្រួលដល់ស្ត្រីវាយប៉ា ពង្រឹងភាពអង់អាចរបស់ស្ត្រី និងការលើកម្ពស់ស្ត្រីជាតំណាងរាស្ត្រ ដើម្បីតម្កើងកិត្តិយស និងសន្តិសុខជាដើម។ សម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេង គឺបានពិភាក្សាដោយផ្សារភ្ជាប់ជាមួយយុវជន ដើម្បីធ្វើយ៉ាងលើកស្ទួយយុវជនឱ្យចូលរួមកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងសង្គម៕