(ក្រចេះ)៖ អមដោយក្តីរំភើបជាខ្លាំង ក្រុមអ្នកជំនាញតាមដាន និងស្រាវជ្រាវជីវចម្រុះនៃដែនជម្រកសត្វព្រៃសំបូរ បានផ្តល់សេចក្តីរាយការណ៍នៅថ្ងៃនេះថា បានកត់ត្រាវត្តមានសម្បុកសត្វត្រដក់តូចចំនួន ៤៨សម្បុក ដោយបានបញ្ជាក់ផងដែរពីវត្តមានរបស់បក្សីពេញវ័យចំនួនសរុប ៦៨ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ។

លទ្ធផលប្រកបដោយភាពលើកទឹកចិត្តនេះ គឺជាផ្នែកមួយដែលស្តែងចេញពីកិច្ចខិតខំជាចង្កោមនៃការស្រាវជ្រាវ និងតាមដានសត្វស្លាបក្នុងអំឡុងពេលនៃរដូវកាលពងកូនរបស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF ព្រមទាំងមានការចូលរួមផងដែរពីសមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ។

អ្នកជំនាញផ្នែកជីវៈចម្រុះនៃអង្គការ WWF បានពិពណ៌នាអំពីលទ្ធផលនាពេលនេះថាជាកំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ។ លើសពីនេះទៀត ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរចំពោះលទ្ធផលនៃការតាមដានសត្វត្រដក់តូច នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ដែលបានបង្ហាញពីការកើនឡើងនៃចំនួនសម្បុកសត្វនេះពីត្រឹមតែ ២៤សម្បុក ប៉ុណ្ណោះក្នុងឆ្នាំ២០២១ ដល់ចំនួន ៤៨សម្បុក ក្នុងឆ្នាំ២០២២នេះ។ លទ្ធផលនាពេលនេះជាផ្នែកមួយដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងកិច្ចសហគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃសំបូរ។

លទ្ធផលដែលបង្ហាញពីការកើនឡើងនៃចំនួនសម្បុកសត្វត្រដក់តូចនេះជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្សជីវចម្រុះ និងសត្វព្រៃ ដែលរំពឹងថាចំនួនសត្វត្រដក់តូចនឹងកើនឡើងនៅក្នុងប្រទេសកម្ពុជាយើង។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នៃដែនជម្រកសត្វព្រៃសំបូរឱ្យបន្តចូលរួមការពារតំបន់ធម្មជាតិ និងអភិរក្សសត្វព្រៃ និងសត្វស្លាបគ្រប់ប្រភេទ ព្រោះធនធានសត្វព្រៃទាំងនេះមានសារៈសំខាន់ចំពោះការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយការកើនឡើងនៃចំនួនសត្វត្រដក់តូច និងសត្វដទៃទៀតជាការលើកកម្ពស់សក្តានុពលវិស័យអេកូទេសចរណ៍សម្រាប់តំបន់»

លោករដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ និងការបំពុលនានាដែលបង្កផលវិបាកខ្លាំងខ្លាចំពោះការរស់របស់សត្វព្រៃសត្វព្រៃ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមទៀតថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចសូមដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃទាំងអស់ឱ្យបញ្ឈប់ការបរិភោគ បញ្ឈប់ការទិញសាច់សត្វព្រៃដើម្បីរួមគ្នាអភិរក្សសត្វព្រៃកម្ពុជាទាំងអស់គ្នា»

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានកត់សម្គាល់ផងដែរថា៖ «ការកើនឡើងនៃវត្តមាន និងចំនួនសត្វព្រៃមួយចំនួន ជាកត្តាបង្ហាញអំពីសុវត្ថិភាពកាន់តែប្រសើរឡើងនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះជាលទ្ធផលមួយស្តែងចេញពីកិច្ចខិតខំគ្រប់គ្រង និងការពាររបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់សំដៅផ្តល់ជម្រកប្រកបដោយសុវត្ថិភាព សម្បូរដោយចំណី និងទឹកគ្រប់គ្រាន់សម្រាប់ការរស់រានរបស់សត្វគ្រប់ប្រភេទ»

ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសប៉ែលហ្ស៉ិច និងអង្គការ WWF ប៉ែលហ្ស៉ិច បាននិងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឱ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។

កម្មវិធីការពារសម្បុកសត្វស្លាបនេះផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន៖ សត្វត្រដក់តូច សត្វត្រយ៉ងចង្កំក-ស សត្វត្រយ៉ងយក្ស និងសត្វត្មាតទាំងបីប្រភេទ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ចំនួន ៣,០០០ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារិចរិល និងការបំលែងធម្មជាតិតំបន់ដីសើម៕