(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។ សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម»។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ការប្រារព្ធខួប៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺជាឱកាសសម្រាប់ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា និងវាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន។

ការរៀបចំសន្និបាតនេះ ក៏ជាការសម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងសម្តែងនូវការដឹងគុណដល់អ្នកបោសសម្អាតមីនទាំងអស់។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ ១៩៧៩ ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

បើតាមលោក លី ធុជ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាលបានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបដិភាគចំនួន ១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោងជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន ២លានដុល្លារ។
លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិការាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រនានា ដោយពន្ធជាបន្ទុករបស់រដ្ឋ។

បន្ថែមពីលើនោះកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិនៅតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន សប្បុរសជន មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។

ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទីបានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន គាទ្រដល់យុទ្ធនាការនេះ។ គិតត្រឹមខែកក្កដា យុទ្ធនាការនេះទទួលបានថវិកាជាង ១៧លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការអនុវត្តដំណាក់កាលដំបូងនៃគម្រោងនេះ នឹងត្រូវបោសសម្អាតគ្រាប់មីនឱ្យអស់ក្នុងរយៈពេល ០៦ ខែក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩។ ខេត្ត និងក្រុង/ស្រុកទាំងនោះមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តតាកែវ រីឯក្រុង/ស្រុក ០៩ មាន ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ)។

បើទោះបីជាយ៉ាងណា លោក លី ធុជ បន្តអំពាវនាវដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តរក្សា និងបង្កើនជំនួយដល់ប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់នៅកម្ពុជា តាមរយៈអាជ្ញាធរមីនក្ដី តាមរយៈទ្វេភាគី ឬពហុភាគីក្ដី ដើម្បីអនុវត្តឱ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

លោក លី ធុជ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជំនួយទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ ដល់សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ ក្នុងបុព្វហេតុនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕