(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា លោក វី ហ្វេងហេ រដ្ឋមន្ត្រីការពារជាតិចិន និងលោក ឡយដ៍ អូស្ទីន (Lloyd Austin) នឹងមានជំនួបមួយនៅខេត្តសៀមរាបប្រទេសកម្ពុជា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ការបង្ហើបអំពីជំនួយរបស់រដ្ឋមន្ត្រីការពារជាតិនៃមហាអំណាចទាំងពីរ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនេះ សម្តេចបានបញ្ជាក់ថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបនៅក្នុងខេត្តសៀមរាប»

លោក វី ហ្វេងហេ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែវិច្ឆិកា។ រដ្ឋមន្ត្រីការពារជាតិអាមេរិក រួមទាំងរដ្ឋមន្ត្រីប្រទេសជាដៃគូអាស៊ាន មួយចំនួនទៀត នឹងមានវត្តមានខេត្តសៀមរាបផងដែរ។

«អាចចាត់ទុកថា កម្ពុជាជាទីកន្លែងសម្រាប់ការសម្រុះសម្រួលមួយរវាងមហាអំណាច ដែលនឹងនាំទៅដល់ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងធ្វើកិច្ចការងារបានល្អ នៅក្នុងទឹកដីខេត្តសៀមរាប ដែលសម្តេចនឹងមានវត្តមាននៅថ្ងៃស្អែកផងដែរ។

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានធ្វើឡើងចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា ស៊ានបូក លើកទី៩ នៅស្អែកផងដែរ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងអគ្គលេខាធិការអាស៊ាន៕