(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កូវីដ១៩ មិនអាចរារាំងដល់សម្តេច មិនឱ្យមកបើក ការប្រកួតកីឡានាពេលនេះឡើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២៣ ជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា សម្រាប់វិស័យកីឡា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡា និងវិស័យផ្សេងៗរួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យជនរួមជាតិ បន្តថែរក្សាសន្តិភាពរបស់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក នឹងជួបគ្នានៅខេត្តសៀមរាប អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធខាងមុខ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។

* សម្តចតេជោ ហ៊ុន សែន សូមសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការ- អូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហ-ប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះ នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ ។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

* សម្តេចតេជោ មានប្រសាសន៍ថា វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយសូមយកឱកាសនេះលើកទឹកចិត្តចំពោះក្មួយៗ ចៅៗ កីឡាករ-កីឡាការិនីមានពិការភាព ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជាតិជនពិការលើកទី១ ក្នុងឆ្នាំនេះ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ឱ្យអស់ពីកម្លាំងកាយចិត្ត និងមានភាពស្វាហាប់ពោរពេញ ដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗ សំដៅបង្ហាញនូវការពិតដែលថា “ ពិការភាពប្រកបដោយសមត្ថភាពខ្ពស់ ”។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកកម្ពស់វិស័យកីឡា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខ្ញុំសូមផ្តល់នូវទស្សនៈ និងចំណុចគន្លឹះចំនួន៤ ដូចខាងក្រោម៖

១៖ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។

២៖ ខ្ញុំសូមអំពាវនាវឱ្យបន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារ-កិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់នៅក្នុងសន្តិភាព»។

៣៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការ ទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិ។

៤៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៦៖៤៥នាទី៕