(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យសិស្សប្រឡងជាប់បម្រុងទាំង៩៩នាក់ អាចចូលរៀនក្នុងសាកលវិទ្យាល័យ សុខាភិបាលបានដោយមិនចាំបាច់រង់ចាំ ការលះបង់ការសិក្សាពីអ្នកជាប់ស្ថាពរ។ ក្រៅពីនោះសម្តេច ហ៊ុន សែន ក៏បានប្រកាសបញ្ចុះតម្លៃទិញ ពាក្យប្រឡងចូលរៀនពេទ្យ ពី៦០ម៉ឺនរៀល មកនៅត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន បានធ្វើឡើង ខណៈសម្តេច បានចូលរួមសម្ពោធអគារសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា «ដើម្បីឲ្យអស់កម្មពៀរ ថ្ងៃនេះ ខ្ញុំសូមជូនកាដូមួយ ចំពោះក្មួយទាំង៩៩នាក់ ដែលជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ ឲ្យចូលរៀនទាំងអស់ ហើយឆ្នាំក្រោយឈប់មានជាប់បម្រុងហើយ ចឹងក៏លែងមានបញ្ហាអ្វីទៀតដែរ។ ចំពោះថ្លៃប្រឡងវិញ ៦០ម៉ឺនរៀល អាលូវចុះមកនៅ ១០ម៉ឺនរៀល។ សុំអភ័យទោសកាលពីមុនខ្ញុំមិនបានដឹងរឿងហ្នឹងទេ ខ្ញុំក៏សូមឲ្យពិនិត្យឡើងវិញ ដោយបើកកិច្ចប្រជុំមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ថាសុំទុកចុះពី ៦០ម៉ឺន មកនៅ ៣៦ម៉ឺន ខ្ញុំហៅទូរស័ព្ទមក ឯកឧត្តម ម៉ម ប៊ុនហេង ថា ៣៦ម៉ឺនសម្រាប់អ្នក្រ ច្រើនណាស់ អាលូវថយមកនៅ១០ម៉ឺនបានអត់? ថាបានចឹងធ្វើឲ្យបានមកចឹង យើងសម្រូលដើម្បីដោះស្រាយបញ្ហានេះ។ ចំណាយ៦០ម៉ឺនរៀល ប្រឡងមិនជាប់ក៏អស់លុយ ហើយអ្នកខ្លះអត់លុយត្រូវខ្ចីគេយកមកប្រឡង ទំលាក់ពី៦០ម៉ឺន មកនៅ១០ម៉ឺន ក្មួយគួរតែខិតខំរៀនសូត្រ ហើយនេះ ក៏ជាការជួយគ្នាទៅវិញទៅមកដែរ យ៉ាងណាសាលាត្រូវតែយក ពីព្រោះត្រូវមានការចំណាយផ្សេងៗ»។
ការប្រកាសសម្រេចរបស់សម្តេចបែបនេះ បានធ្វើឡើង ក្រោយពីមានការស្នើសុំពីសិស្ស និស្សិត ទៅលើការប្រឡងចូលសាកលវិទ្យាល័យសុខាភិបាល នៅតាម Facebook Page ផ្លូវការរបស់សម្តេច កាលពីពេលថ្មីៗនេះ។ ដោយឡែកសម្រាប់ពាក្យសុំប្រឡងរៀនពេទ្យ ដែលមានតម្លៃ ៦០ម៉ឺនរៀលកន្លងមក មានការតវ៉ាពីសំណាក់សិស្សនិស្សិត ឲ្យមានការបញ្ចុះតម្លៃ លើពាក្យសុំប្រឡងនេះ ពីព្រោះមានតម្លៃថ្លៃពេក តែការតវ៉ាហាក់មិនមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយបញ្ហាទាំងនេះ ត្រូវបានដោះស្រាយចប់ជាស្ថាពរ ក្រោយពីមានការប្រកាសសម្រេចពី សម្តេច ហ៊ុន សែន នៅព្រឹកនេះ៕