(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍បើកជាផ្លូវការនូវការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅថ្ងៃនេះ មានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់។ ព្រឹត្តិការណ៍នេះ ក៏ នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់, ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់, សម្ដែងក្បាច់គុនល្បុក្តតោ, បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ២,០០០នាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍​​នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែឆ្នាំ២០២០ ព្រឹត្តិការណ៍នេះបានខកខានរៀបចំដោយសារតែការរាត ត្បាតជំងឺកូវីដ១៩។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។

ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ដែរថា ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតកម្រិតជាតិ និងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អ និងដណ្តើមមេដាយឱ្យ បានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដោយផ្តល់ ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំ និងការកាត់សេចក្តីការប្រកួត ជាក់ស្ដែងនៅលើ ទីលានប្រកួត។

ព្រឹត្តិការណ៍នេះ ក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានី ខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំង សម្រាប់ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម,តាមដាន និងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។

ព្រឹត្តិការណ៍នេះ ក៏ជាការសាកល្បងការរៀបចំពិធីបើក និងពិធីបិទ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ផងដែរ៕