(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក-លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបានអញ្ជើញពិធីបើកសន្និបាតជាតិសកម្មភាពមីននៅកម្ពុជា រយៈពេល ៣០ឆ្នាំ ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម» ដែលមានបំណងអបអរសាទរនូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសហគមន៍សកម្មភាពមីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិតអាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគម្រាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
លោកថា ការប្រារព្ធខួប ៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នាថ្ងៃនេះ គឹជាឱកាសសម្រាប់យើងទាំងអស់គ្នា៖
*ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា
*វាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន
*សម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
*កោតសរសើរ ភាពប៉ិនប្រសប់របស់អ្នក ដែលបាននាំមក នូវបច្ចេកវិទ្យាថ្មីៗក្នុងការរាវរក ការបោសសម្អាត និងបង្កើតឧបករណ៍ការពារនានា និង
សម្តែងនូវការដឹងគុណ ដល់អ្នកបោសសម្អាតមីនទាំងអស់។
រយៈពេល៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។
ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់។
ចាប់តាំងពីឆ្នាំ ១៩៧៩ ប្រជាជនចំនួន ៦៥.០០៤ នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាំម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩.៨១៨ នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។
លោកថា «ដើម្បីឈានដល់ការសម្រេចសមិទ្ធផលខាងលើនេះ ខ្ញុំសូមជម្រាបជូនអង្គសន្និបាតជ្រាបថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការគិតគូរអំពីការអភិវឌ្ឍយូរអង្វែង អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការគ្រប់គ្រង ធ្វើផែនការ ចាត់អាទិភាព និងតម្រង់ទិសការងារបោសសម្អាតមីន ក្នុងគោលដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងការងារអភិវឌ្ឍ ជាពិសេសរក្សាបាននូវបរិយាកាស និងស្ថានភាពទូទៅនៃសកម្មភាពមីន បានយ៉ាងល្អប្រសើរជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ អាជ្ញាធរមីន បានពុះពារជំនះនូវឧបសគ្គនានា ព្រមទាំងបានកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស រហូតទទួលបាននូវការកោតសរសើរ ការទទួលស្គាល់នូវអាណត្តិតួនាទី និងការទុកចិត្ត ពីសំណាក់ដៃគូអភិវឌ្ឍន៍។ ដូចធ្លាប់បានគូសបញ្ជាក់កន្លងមកហើយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែចាត់ទុកសកម្មភាពមីននៅកម្ពុជា ជាអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសនៅក្នុងការឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច»។
មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការកាត់បន្ថយភាពក្រីក្រ មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ។ គ្រាប់មីននៅក្នុងដី បានកម្រិតលទ្ធភាពប្រើប្រាស់ធនធានធម្មជាតិ ពិសេសធនធានដីធ្លីនៅតាមទីជនបទ។ ប្រការនេះ អាចជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋក្រីក្រមួយចំនួន ដែលងាយរងគ្រោះស្រាប់ ពុំមានជម្រើសអ្វីក្រៅពីការប្រថុយប្រថានជីវិតរបស់ខ្លួន ដោយបំពេញមុខរបរទទួលទានប្រចាំថ្ងៃ នៅលើដីដែលមានផលប៉ះពាល់ដោយសារមីន នោះឡើយ។ ដូចនេះ សកម្មភាពមីន មិនគ្រាន់តែជាបញ្ហាសន្តិសុខសង្គមមួយប៉ុណ្ណោះទេ តែវាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍជារួម។ វាក៏ពាក់ព័ន្ធទៅនឹងការវាស់វែងផ្ដល់ដីធ្លីមានសុវត្ថិភាព ជូនប្រជាពលរដ្ឋសម្រាប់ការតាំងទីលំនៅ ការប្រកបរបរកសិកម្ម នៅតាមទីជនបទឆ្ងាយៗផងដែរ។ សកម្មភាពមីន មានការពាក់ព័ន្ធគ្នាយ៉ាងប្រទាក់ក្រឡាជាមួយវិស័យផ្សេងៗទៀត ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការផ្តល់ដីមានសុវត្ថិភាព ដូច្នេះ កិច្ចសហប្រតិបត្តិការស្អិតរមួត រួមជាមួយការគាំទ្រយ៉ាងខ្លាំងក្លាផ្នែកថវិកា គឺជាការចាំបាច់ក្នុងការធ្វើឲ្យសម្រេចនូវទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី ធុជ។
លោកបន្តថា ទន្ទឹមនឹងនេះសកម្មភាពមីន ក៏នៅជួបបញ្ហាប្រឈមមួយចំនួន។ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ចំនួន ៧០៣ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១២៩៨ គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម។ យើងក៏នៅប្រឈមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមាន៖
*ការសម្រេចបាននូវគោលដៅទាំង ៨ នៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដែលទាមទារឱ្យមានធនធានគ្រប់គ្រាន់ វិធីសាស្ត្រនិបច្ចេកវិទ្យាសមស្រប ព្រមទាំងការចូលរួម កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ
*ការរិៈរក និងការអនុវត្តវិធីថ្មីប្រកបដោយភាពច្នៃប្រឌិត ក្នុងការកៀរគរធនធាន ក្នុងអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចសាកល
*ការប្រមូលទិន្នន័យ និងព័ត៌មានដែលត្រឹមត្រូវពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការ ការកំណត់អាទីភាព និងការសម្របសម្រួលការធ្វើរបាយការណ៍
*ធានាថាប្រតិបត្តិករ និងអ្នកជំនាញត្រូវបានទទួលស្គាល់ត្រឹមត្រូវ ហើយស្តង់ដាររបស់ពួកគេស្របទៅនឹងស្តង់ដារជាតិ
*ការអនុវត្តវិធីសាស្ត្ររំដោះផ្ទៃដី ជាពិសេសការអនុវត្ត non-technical survey និង technical survey ដោយប្រតិបត្តិករ
*ធានាថាគម្រោងសកម្មភាពមីនទាំងអស់ដែលផ្តួចផ្តើមដោយក្រសួង អង្គការជាតិនិងអន្តរជាតិ ត្រូវឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយអាជ្ញាធរមីន ហើយមានតែប្រតិបត្តិករនិងអ្នកជំនាញដែលមានការទទួលស្គាល់ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើស ដែលក្នុងនោះរួមបញ្ចូលទាំងប្រតិបត្តិករដែលបញ្ជូនទៅបរទេស ដោយលើកលែងតែកងកម្លាំងរក្សាសន្តិភាព
*បង្កើតការរៀបចំការងារជាលក្ខណៈស្ថាប័នដែលមានភាពចុះសម្រុងគ្នារវាងគ្រប់ភាគី ដើម្បីបំពេញតម្រូវការនាពេលអនាគតបន្ទាប់ពីឆ្នាំ ២០២៥ និង
*ការដោះស្រាយបញ្ហាសំខាន់ៗនៃសុខភាព និងសេដ្ឋកិច្ចរបស់បុគ្គលិកក្នុងសកម្មភាពមីនទាំងអស់។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ដើម្បីសម្រេចឲ្យបាននូវជោគជ័យ និងឈានដល់ការប្រកាសរួមគ្នា «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥» តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សកម្មភាពមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ជាមួយ ក្រសួងស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបនឹងតម្រូវការចំាបាច់ និងគោលដៅអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយ ក្នុងការចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីននោះទេ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាប្រមាណជាង ២០0 លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។
កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបដិភាគចំនួន ១០% សម្រាប់រួមចំណែកដល់គម្រោងជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០% សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន ២លានដុល្លារ។
លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិការាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រ នានា ដោយពន្ធជាបន្ទុករបស់រដ្ឋ។
ដោយឡែកអាជ្ញាធរមីន នឹងបន្តផ្តល់ជាត្រីវិស័យដល់បណ្តាប្រតិបត្តិករដោះមីនទាំងអស់ និងភាគីពាក់ព័ន្ធ តាមរយៈការលើកកម្ពស់វិធានការណ៍សុវត្ថិភាព ការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពគោលនយោយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត ផែនការបោសសម្អាតមីន ប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងស្តង់ដារនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន ឲ្យស្របទៅនឹងការវិវត្តន៍នៃស្ថានភាពសកម្មភាពមីន។
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុល ពីកាកបាទក្រហមកម្ពុជា វិស័យឯកជន សប្បុរសជន មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណះ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមាន សម្តេចតេជោ ជាប្រធាន។
ជាមួយគ្នានេះ ក្នុងន័យបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិ តាងនាមឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាបន្តរក្សា និងបង្កើនជំនួយដល់ប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់នៅកម្ពុជា តាមរយៈអាជ្ញាធរមីនក្ដី តាមរយៈទ្វេភាគីឫពហុភាគីក្ដី ដើម្បីអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ នេះ។
សមិទ្ធផលសំខាន់ៗដែលសម្រេចបានទាំងអស់កន្លងមកនេះ លើសកម្មភាពមីន មិនអាចកាត់ផ្ដាច់ចេញពីជំនួយដ៏សប្បុរសធ៌មដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍ទាំងអស់របស់យើងបានទេ។ ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជំនួយទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ ដល់សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ ក្នុងបុព្វហេតុនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕