(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣។

នៅមុនពេលនៃការប្រារព្ធពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជាផ្លូវការ ប្រធានសភា អនុប្រធានសភា និងសមាជិក នៃបណ្តាប្រទេសសមាជិកអន្តរសភាអាស៊ាន (AIPA) ចំនួន៨ ប្រទេសរួមមាន៖ ព្រុយណេដារូស្សាឡាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា ព្រមទាំងអគ្គលេខាធិការអាយប៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពស់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំបានបោះឆ្នោតជ្រើសតាំង លោក ឈួន លីប៉ (Chuan LEEKPAI) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ជាអនុប្រធានអង្គប្រជុំ។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ បានបន្តពិភាក្សា និងអនុម័តលើ៖

ទី១៖ របៀបវារៈនៃមហាសន្និបាតអាយប៉ាលើកទី៤៣

ទី២៖ របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការជំនាញ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្ត្រ កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ គណៈកម្មការដៃគូសន្ទនារវាងសភាអាយប៉ាជាមួយសភាសង្កេតការណ៍ កិច្ចសវនាការរវាងប្រតិភូអាយប៉ា និងអគ្គលេខា-ធិការអាស៊ាន។

ទី៣៖ សម្រេចឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអាយប៉ាលើកទី៤៤ ក្នុងខែសីហា ឆ្នាំ២០២៣។

ទី៤៖ ស្វាគមន៍របៀបវារៈនៃសំណើចូលជាសភាសង្កេតការណ៍របស់ សភាសហរដ្ឋអាមេរិច សភានេប៉ាល់ សភាអាហ្សែបៃហ្សង់ និងសភាហ្សកហ្ស៉ី ដោយបញ្ជូនសំណើទៅពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។

ទី៥៖ ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាញសភាមិនចូលបក្សសម្ព័ន្ធ (Non Aligned Movement Parliamentary Network – NAM – AP) និងសភាសហគមន៍អឺរ៉ុប (European Parliament) ដោយអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋានអាយប៉ា បន្តធ្វើការជាមួយនឹងអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ។

ទី៦៖ អនុម័តដាក់បញ្ចូល សេចក្តីសម្រេចចិត្តបន្ទាន់ ដែលស្នើដោយឥណ្ឌូនេស៊ី ស្តីពីការជំរុញឱ្យមានការ អនុវត្តក្រមប្រតិបត្តិ៥ ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា ទៅក្នុងរបៀបវារៈនៃគណៈកម្មាធិការនយោបាយ ដើម្បីជជែកពិភាក្សាបន្ថែម នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ៕