(ព្រះសីហនុ)៖ សមាគមអ្នកគាំទ្រសន្ដិភាព (ស.អ.ស.២១៩) សាខាខេត្តព្រះសីហនុ បាននាំយកអំណោយ និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រជួបការលំបាកមួយគ្រួសារ នៅឃុំរាម ស្រុកព្រៃនប់ ដឹកនាំដោយលោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព សាខាខេត្តព្រះសីហនុ និងលោក ឡឹង សំបូរ ប្រធានសមាគមអ្នកគាំទ្រសន្តិភាពសាខាក្រុង។

ក្នុងឱកាសនោះ លោក ម៉ាក់ ស៊ីថាត បានឲ្យដឹងថា ការនាំយកអំណោយមនុស្សធម៌ នៃសមាគមអ្នកគាំទ្រសន្តិភាពខាងលើនេះ គឺដោយមានការកៀងគោរកពីសប្បុរសជន ព្រមទាំងពីសមាជិក សមាជិកា សមាគម ដើម្បីផ្ដល់ជូនដល់លោកពូ ទិត្យ សុផាន់ អាយុ៦៧ឆ្នាំ ដោយទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះលោក ម៉ាក់ ស៊ីថាត បាននាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោក វ៉ាន់ កាម៉ុល និងលោក មឿន ប៊ុនហេង ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខ ពីបងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានទុក្ខលំបាក ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមានការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្នុងការជួយដល់សង្គមជាតិទៀតផងដែរ ទាំងអស់នេះហើយបានឆ្លុះបញ្ចាំងឲ្យឃើញថា ជាការចូលរួមចំណែកមួយក្នុងនាមខ្មែរតែមួយ។

ក្នុងអំណោយដែលទទួលបានរួមមាន៖ អង្ករ២បាវ ស្មើនឹង៧៥គីឡូ, ទឹកសុទ្ធ៤កេស, ទឹកផ្លែឈចម្រុះ១កេស, មី៣កេស, ត្រីខ១យួរ ១០កំប៉ុង, ទឹកស៉ីអអ៉ីវ២យួរ, ទឹកត្រី១យួរ, ស្ករស១គីឡូ, ប្រេងឆា១ដបធំ, កាហ្វេ១កញ្ចប់ធំ, ទឹកដោះគោឆៅ១យួរ និងទឹកដោះគោខាប់៥កំប៉ុង, ប៊ីចេង២គីឡូ, អំបិល៥គីឡូក្រាម, សាប៊ូលាងចាន១ដបធំ, សាប៊ូបោកខោអាវ ១កញ្ចប់ធំស្មើនឹង៥គីឡូ, រួមទាំងសម្ភារៈសម្អាតមួយចំនួនទៀត និងថវិកាចំនួន៣០ម៉ឺរៀល។

ក្នុងនោះក៏មានការចូលរួមពីលោក គឹម ចាន់ មេឃុំរាម បានជួយឧបត្ថម្ភថ្លៃព្យាបាលជំងឺក្មេងប្រុស ដែលមានអាការៈសើរស្បែកខ្លាំងនៅលើក្បាលដងខ្លួន។

លោក គឹម ចាន់ មេឃុំរាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតំណាងឲ្យលោកពូ ទិត្យ សុផាន់ ដែលរូបគាត់កំពុងមានការខ្វះខាត ហើយត្រូវការអំណោយពីសប្បុរសធម៌ មនុស្សធម៌ ដោយហេតុនេះហើយ បន្ទាប់ពីសមាគមអ្នកគាំទ្រសន្តិភាពទទួលបានដំណឹងភ្លាមៗ នោះលោកប្រធានសមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកាសាខាខេត្ត/ក្រុង ព្រមទាំងនាំយកអំណោយមនុស្សធម៌របស់សមាគម ជូនដល់អ្នកដែលមានទុក្ខលំបាក និងជីវភាពខ្វះខាតជារៀងរាល់ថ្ងៃ៕