(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិតថ្នាក់ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ត្រូវមានគុណធម៌ និងសីលធម៌ គួបផ្សំជាមួយនឹងចំណេះដឹងដើម្បីដែលដើរតួនាទីជាគ្រូពេទ្យល្អ ប្រកបដោយវិជ្ជាជីវៈ។

លោក ពិត ចំណាន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសកលវិទ្យាល័យអន្តរជាតិ (IU)។

លោក ពិត ចំណាន បានបន្ថែមថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតាំងខ្លួនជាគ្រូពេទ្យទេវតា ដែលក្នុងន័យនេះ លោកចង់បញ្ជាក់ថា នៅពេលដែលអ្នកជំងឺមានទុក្ខតែងតែបន់ស្រន់ឲ្យទេវតាជួយ មិនប្រកាន់ត្រូវតែមានចិត្តជួយដឹងតែមានចិត្តចង់ឲ្យអ្នកជំងឺរស់បានយូរ។

លោក ពិត ចំណាន បានបន្តថា ជាង៤០ឆ្នាំមុននេះ ផលវិបាកនៃសង្គ្រាម ជាពិសេសការឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញប្រទេសទាំងមូល ស្ទើរដល់ឫសគល់។ បច្ចុប្បន្ននេះ ក្រៅពីការស្តារកសាង និងអភិវឌ្ឍ លើគ្រប់វិស័យ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តអាទិភាពខ្ពស់បំផុត ដល់វិស័យសុខាភិបាល ក៏ត្រូវបានអភិវឌ្ឈជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈបច្ចេកទេស តាំងពីទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយ៉ាល។ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គឺមិនអាចកាត់ផ្តាច់ពីការអភិវឌ្ឍធនធានមនុស្សនេះទេ រីឯធនធានមនុស្សអាចរីកចម្រើនទៅបានក៏អាស្រ័យដោយ សេវាអប់រំពេញលេញ និងគ្រប់គ្រាន់ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោក បណ្ឌិត សាបូ អូហ្សាណូ សកលវិទ្យាធិការ សកលវិទ្យាល័យអន្តរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យអន្តរជាតិ បានធ្វើការពង្រីកសាខា នៅតាមបណ្តាលខេត្តមួយចំនួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាល ក្នុងការស្រូបយកនិស្សិត ពិសេសស្ត្រីនៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីអោយកម្ពុជា សម្រេចបាននៅគោលដៅ ឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងត្រូវតាមអោយទាន់ភាគរយចូលរៀននៅឧត្តមសិក្សា នៃប្រទេសថៃ៤៩% ឬម៉ាឡេស៊ី ៤៣% និងតាមអោយទាន់ប្រទេសសឹង្ហបុរី ៨៩% នៅឆ្នាំ២០៥០ ដែលបច្ចុប្បន្នភាគរយ ចូលរៀនឧត្តមសិក្សានៅកម្ពុជា មាន ១២,៤% -១៥%។

គូរបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ សរុបចំនួន៣៣៧នាក់ ស្រី២៤៤នាក់ សុទ្ធតែបានបំពេញគ្រប់លក្ខខណ្ឌ របស់សាកលវិទ្យាល័យ អន្តរជាតិ និងបានការអនុញ្ញាត ចុះហត្ថលេខាលើសន្លឹក សញ្ញាបត្រ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះ រួមមាន៖

*ថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី៥ និងទី៦
*ថ្នាក់ទន្តបណ្ឌិតជំនាន់ទី១ ដល់ទី៣
*ថ្នាក់បរិញ្ញាបត្រមន្ទីរពិសោធន៍ ជំនាន់ទី១ ដល់ទី៥
*ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី២ ដល់ទី៤
*ថ្នាក់បរិញ្ញាបត្រឆ្មប ជំនាន់ទី១ ដល់ទី៥
*ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ជំនាន់ទី៧ ដល់ទី១០
*ថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី២៕