(ភ្នំពេញ)៖ បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវ ដ៏អាក្រក់ និងអាម៉ាស់បំផុត ត្រូវបានជនអនាមិកទម្លាយរូបស្រាត ជាបន្តបន្ទាប់រួចមក បានធ្វើឲ្យតារាចម្រៀង វ៉ាន់ នីឡា ហាក់បាក់ទឹកចិត្តលែងហ៊ាន តស៊ូក្នុងជីវិត ព្រោះតែមានមតិមួយចំនួន បានបន្ទោសមកលើរូបនាង ថាជាមនុស្សធ្វើអ្វីមួយ មិនចេះគិតមុខគិតក្រោយ ហើយទើបស្ដាយក្រោយ នូវទង្វើរបស់ខ្លួន។
ក្នុងបណ្ដាញសង្គម Facebook មានឈ្មោះថា Chenda Sok ដែលត្រូវបានគេដឹងថា ជា Account Facebook របស់ វ៉ាន់ នីឡា ផ្ទាល់ បានសរសេរសាររ៉ាយរ៉ាប់ថា «ហេតុអ្វីក៏ជីវិតរបស់ខ្ញុំ ត្រូវជួបរឿងដ៏អាក្រក់ និងគួរឲ្យអាម៉ាស់បែបនេះ..ពីមួយទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលយករឿងនេះលែងបានទៀតហើយ.. ខ្ញុំបានឃើញរាល់ខមមេន (Comment) នៅតាមបណ្តាផេក(Page) ផ្សេងៗ ខ្ញុំមានទឹកចិត្តតស៊ូ នៅពេលដែលបងប្អូនលើកទឹកចិត្ត ខ្ញុំសប្បាយចិត្ត ពេលដែលបងប្អូនឃើញខ្ញុំដួលហើយ នៅតែហុចដៃឲ្យនាងខ្ញុំក្រោកឈរសារឡើងវិញ .. ប៉ុន្តែពេលដែលខ្ញុំឃើញនៅខមមេន មាក់ងាយម្តងៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថា លែងចង់រស់ ..!»។
វ៉ាន់ នីឡា បានបន្ថែមទៀតទាំងអារម្មណ៍មួរហ្មង ក្នុងន័យឲ្យសារទាំងមូល បានទៅដល់អតីតសង្សាររបស់នាង ថា «ឬទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅ ទើបរឿងដ៏កខ្វក់មួយនេះ រលាយបាត់ដែរ??? ការឈឺចាប់ដ៏ធំធេងមួយនេះ សូមផ្ញើជូនទៅបុរសម្នាក់នោះជាពិសេស..!»។
ដោយឡែក តាមការគ្រោងទុក កញ្ញា វ៉ាន់ នីឡា តារាចម្រៀងវ័យក្មេង និងស្រស់សោភាប្រចាំផលិតកម្ម Pleng Record ដែលជាបុត្រសម្ព័ន្ធ របស់ផលិតកម្មហង្សមាស នឹងត្រូវឡើងច្រៀងនៅកម្មវិធី «A1 Concert» ដែលត្រូវចាក់ផ្សាយកាលពីម៉ោង១១ ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅលើកញ្ចក់ទូរទស្សន៍ MYTV ប៉ុន្តែកញ្ញា បានសុំលុបចោលវិញ ព្រោះតែមិនអាចប្រឈមមុខ ជាមួយទស្សនិកជនបាន។ ការលុបចោលនេះ បន្ទាប់ពីរូបភាពអាក្រាតកាយរបស់កញ្ញា ជាច្រើនសន្លឹកត្រូវបានជន អសិលធម៌ និងគ្មានភាពថ្លៃថ្នូរ លួចបង្ហោះតាមបណ្តាញសង្គម Facebook ជាបន្តបន្ទាប់។
អ្នករៀបចំកម្មវិធី មិនបានបង្ហាញពីមូលហេតុ ដែល កញ្ញា នីឡា សុំលុបចោលការច្រៀងនោះទេ តែគេអាចដឹងបានច្បាប់ថា ការលុបចោល គឺអាចផ្តើមចេញពីការបែកធ្លាយ រូបភាពអាក្រាតកាយ របស់កញ្ញា ដែលជាហេតុនាំឲ្យកញ្ញាមិនអាចប្រឈមមុខ ជាមួយទស្សនិកជនជាសាធារណៈបាន។
សូមរំឭកថា បន្ទាប់ពីមានការបញ្ចេញរូបភាពស្រាត ជាបន្តបន្ទាប់ កញ្ញា វ៉ាន់ នីឡា តារាចម្រៀង នៅផលិតកម្មភ្លេងរីខត បានដាក់ពាក្របណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយវែកមុខរកជនដែលជាអ្នកទម្លាយរូបនេះ ។ ជាមួយគ្នានេះ នាងក៏នៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនអនាមិកបង្ហោះរូប អាក្រាតនាង នៅតែបន្តគំរាមមកលើរូបនាងជាច្រើនដង។
ជាមួយគ្នានេះ សមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាសមាគមដែលបានប្រកាសខ្លួនថា រៀបចំផ្តល់មេធាវីដល់កញ្ញា វ៉ាន់ នីឡា ដើម្បីឈានទៅវែកមុខជនដៃដល់ បង្ហោះរូបអាក្រាតរបស់នាងជាច្រើនសន្លឹក នៅតាមប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។
កញ្ញា វ៉ាន់ នីឡា ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្វែងរកយុត្តិធម៍ជូននាងបានយ៉ាងឆាប់រហ័សបំផុត កញ្ញា សូមថ្លែងអគុណយ៉ាងខ្លាំង ដល់បងប្អូន ដែលតែងតែជួយលើកទឹកចិត្តកញ្ញាកាលពីពេលថ្មីៗផងដែរ។
គួរបញ្ជាក់ថា រូបភាពអាក្រាតកាយរបស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបែកធ្លាយ និងចែកចាយបន្តឥតឈប់ឈរ ពីសំណាក់ជនអនាមិក ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។
ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានប្រភពព័ត៌មាន ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើ ការងារ ក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយ ជាបន្តបន្ទាប់នេះត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សារ របស់នាង ជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។ ប៉ុន្តែជាការឆ្លើយតប អតីតសង្សាររបស់ កញ្ញា វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានថា រូបភាពអាក្រាតកាយ កញ្ញា វ៉ាន់ នីឡា មិនជាប់ពាក់ព័ន្ធ នឹងរូបលោកនោះទេ៕