(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអះអាងថា ក្រសួងអប់រំ គ្មានគោលដៅទម្លាក់សិស្សានុសិស្ស តាមរយៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះទេ ពោលការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពរបស់សិស្សម្នាក់ៗ សំដៅពង្រឹងគុណភាព។

ផ្ទុយអ្វីដែលមតិមួយចំនួនបានគិតខុសលើការប្រឡងនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២» លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការរៀបចំការប្រឡងនេះ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបន្ដការសិក្សានៅឧត្តមសិក្សា។

លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងមិនមានគោលដៅទម្លាក់ទេ ប៉ុន្ដែការរៀបចំការប្រឡងនេះដើម្បីលើកទឹកចិត្តឲ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រ មិនមានការទម្លាក់នោះទេ។ សិស្សដែលប្រឡងធ្លាក់ហើយ ក្រសួងនៅតែផ្ដល់ឱកាសឲ្យគាត់រៀនបរិញ្ញាបត្ររង ហើយអាចទៅរៀននៅឧត្តមសិក្សាបានទៀត ខណៈប្រទេសខ្លះមិនអនុវត្តបែបនេះឡើយ។ អ៊ីចឹងប្រសិនបើយើងចង់ទម្លាក់គាត់ គឺយើងមិនឲ្យគាត់ចូលរៀនឧត្តមសិក្សាទេ»

បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន ក៏បានច្រានចោលរាល់មតិទាំងអស់នោះផងដែរ និងចាត់ទុកថា នេះជាការលើកឡើងដោយមិនត្រឹមត្រូវ ព្រោះប្រសិនបើកក្រសួងមានគោលដៅទម្លាក់មែននោះ មិនមែនអនុញ្ញាតឲ្យសិស្សធ្លាក់បាក់ឌុប អាចបន្ដការសិក្សាតាមរយៈការសិក្សាថ្នាក់បរិញ្ញាបត្ររងនោះទេ។

រដ្ឋមន្ដ្រីក្រសួងអប់រំរូបនេះ បានមើលឃើញទៀតថា ប្រទេសដែលមិនតម្រូវឲ្យសិស្សប្រឡងមុនបញ្ចប់ថ្នាក់ទី១២នេះ គឺគុណភាពអប់រំមានការធ្លាក់ចុះ។ ប៉ុន្ដែលោកគូសបញ្ជាក់ទៀតថា ប្រទេសខ្លះមិនអនុញ្ញាតឲ្យប្រឡងក៏ពិតមែន តែប្រទេសនោះថ្នាក់ឧត្តមសិក្សា គឺមានគុណភាព ហើយមុនចូលឧត្តមសិក្សាក៏ត្រូវតែប្រឡងដូចគ្នា។ លោកបន្ដទៀតថា ប្រទេសខ្លះក៏មានប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ផ្ដល់ជម្រើសឲ្យសិស្សក្រោយចប់ថ្នាក់ទី១២។

លោកក៏បានផ្ដាំផ្ញើផងដែរថា រាល់ការវិភាគទាំងឡាយ ត្រូវតែមានការថ្លឹងថ្លែងឲ្យបានគ្រប់ទិដ្ឋភាព ជៀសវាងការលើកឡើងដោយមិនសមហេតុផល។ លោកសង្កត់ធ្ងន់ទៀតថា អាណាព្យាបាល ឪពុក ម្ដាយរបស់សិស្សានុសិស្ស បានចំណាយទុនវិនិយោគច្រើនណាស់ទៅលើកូនៗ រហូតបញ្ចប់ថ្នាក់ទី១២ ដូច្នេះក្រោយបញ្ចប់សិស្សានុសិស្សត្រូវតែមានគុណភាព និងងាយស្រួលក្នុងការរកការងារធ្វើក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបាន។

បេក្ខជនដែលបានចុះឈ្មោះប្រឡងសរុបចំនួន១២៨,១៣៤នាក់ ក្នុងនោះស្រី ៦៨,៧៧១នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួន២២១មណ្ឌល ត្រូវជា៥,១៧៤បន្ទប់។ គណៈមេប្រយោគ និគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ២៧,៧៥៣នាក់៕