(ភ្នំពេញ)៖ ស្ដ្រីម្នាក់ទំនងខឹងកូនបំណុលជំពាក់លុយមិនព្រមសង បានយកដុំថ្មគប់កញ្ចក់រថយន្ដកូនបំណុល បណ្ដាលឲ្យរងការខូចខាតពីរគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដដែលរងការខូចខាត ហើយត្រូវបានគេដឹងថា ជាកូនបំណុលនោះឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។ ខណៈភាគីម្ចាស់បំណុលឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានចងការប្រាក់ពីស្រ្តីម្ចាស់លុយចំនួន១,៥០០ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប២,១០០ដុល្លារ តែជនរងគ្រោះពុំបានសងប្រាក់ទៅវិញទេតាមការកំណត់។

លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់លុយបានទៅដល់ផ្ទះកូនបំណុល (ចំណុចកើតហេតុ) ដើម្បីទារប្រាក់ដែលជំពាក់ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចម្ចាស់លុយយកដុំគប់ទៅលើរថយន្តម៉ាក Toyota LanCruiser ពណ៌ខ្មៅ គ្មានផ្លាកលេខបែកកញ្ចក់ខាងក្រោយ, កំពិតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្ត១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AJ-5584 បណ្តាលឲ្យកំពិតទ្វារមុខ-ក្រាយខាងស្តាំ។

ពេលនោះម្ចាស់រថយន្ដ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចចុះទៅដល់បានសួរនាំម្ចាស់បំណុល និងបានទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿងខូចខាតមែនដោយមូលហេតុខឹងពេក។ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណៈកូនបំណុលមិនព្រមយកថ្លៃសំណង់ខូចខាតនោះឡើយ៕