(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រោយបញ្ចប់ការប្រឡង ដំណើរការកំណែ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែធ្នូ, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពន្ទុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែធ្នូ។

ក្រសួងអប់រំ បានឲ្យដឹងទៀតថា សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល កំណត់យកថ្ងៃទី២៧ ខែធ្នូ ខណៈនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា បេក្ខជនដែលបានចុះឈ្មោះប្រឡងសរុបចំនួន១២៨,១៣៤នាក់ ក្នុងនោះស្រី ៦៨,៧៧១នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួន២២១មណ្ឌល ត្រូវជា៥,១៧៤បន្ទប់។ គណៈមេប្រយោគ និគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា ​និងអគ្គិសនីកម្ពុជា។

ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឲ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រម នៃឈ្មោះរបស់ខ្លួន និងលើកទី២ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពី មណ្ឌលប្រឡងលេខបន្ទប់ និងលេខតុ។

បេក្ខជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចមានកំណត់ក្នុងសេចក្តីណែនាំប្រតិបត្តិលេខ ៣៤ អយក.សណន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្ តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។

មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ អាចទទួលបានព័ត៌មានថ្មីៗ ឬសាកសួរ និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា៖