(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញ ស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសបើកមហាស​ន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ, ខ្ញុំសូមគូសបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»

សម្តេចបានបន្ថែមថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ ប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និង រិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា៕