(ភ្នំពេញ)៖ កញ្ញា Ariya Jutanugarn ហៅក្រៅ May ជាម្ចាស់ពានរង្វាន់វាយកូនគោលនារីអន្តរជាតិ (LPGA) ដែលជាប់លេខ១៣ ក្នុងចំណោមកីឡាករវាយកូនគោលអាជីព ខ្លាំងបំផុតលើលោក ។ មានសញ្ជាតិថៃ កីឡាការនីវាយកូនគោលរូបនេះ ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការប្រកួតអាជីពលើកដំបូងរបស់នាង នៅក្នុងការប្រកួតជើងឯកពិភពលោកវាយកូនគោលនារី Yokohama Tire LPGA Classic ឆ្នាំ២០១៦ នៅដើមខែឧសភា កន្លងទៅនៅរដ្ឋ Alabama សហរដ្ឋអាមេរិក ។

កញ្ញា May បានបំបែកកំណត់ត្រាថ្មីសម្រាប់ប្រទេសថៃ ក្នុងនាមជាកីឡាការនីវាយកូនគោលថៃដំបូងគេដែលបានឈ្នះការប្រកួតពានរង្វាន់អាជីពនៅក្របខ័ណ្ឌ LPGA ។ បន្ថែមពីនេះ  ចាប់ពី២០១៣មក May គឺជាកីឡាការនីវាយកូនគោលដំបូងគេ ដែលបានឈ្នះការប្រកួតជើងឯកបីជាប់គ្នា ដែលម្ចាស់កំណត់ត្រានេះកាលពីមុន គឺកញ្ញា Inbee Park អតីតកីឡាការនីវាយកូនគោលកូរ៉េលេខមួយលើពិភពលោក ។ ជាមួយនឹងជ័យជម្នះចុងក្រោយរបស់នាងនៅក្នុងការប្រកួត Volvik Championship នាងបានឲ្យដឹងថា ការប្រកួតនេះខុសពីការប្រកួតជើងឯកមុនៗ ដែលនាងបានឈ្នះ គឺនាងរីករាយ​នឹងការវាយកូនគោលរបស់នាងច្រើនជាងមុន។

កញ្ញា May បានបន្ដថា«ការប្រកួតនីមួយៗ គឺមានលក្ខណៈពិសេសផ្សេងគ្នាៗសម្រាប់ខ្ញុំ  ហើយនៅពេលដែលខ្ញុំ បានឈ្នះតំណែងជើងឯកជាលើកដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានយកឈ្នះលើឧបសគ្គដ៏ធំមួយហើយ ពិសេសក្នុងការប្រកួតលើកទីពីរ ខ្ញុំបានទទួលជ័យជំនះទៀត ហើយខ្ញុំពិតជាសប្បាយចិត្តមែនទែន ក្នុងការប្រកួតចុងក្រោយនេះ មានមនុស្សជាច្រើនរំពឹងថា ខ្ញុំអាចនឹងឈ្នះការប្រកួតបីលើកជាប់គ្នា ដូច្នេះខ្ញុំសង្ឃឹមថាមិនធ្វើឲ្យពួកគេខកចិត្ត ហើយខ្ញុំក៏ពិតជាអាចយកឈ្នះដៃគូប្រកួតរបស់ខ្ញុំបានមែន ខ្ញុំសប្បាយចិត្តខ្លាំងណាស់» ។


នៅពេលនិយាយពីផែនការបន្ទាប់ទៀត នាងបាននិយាយថា «អ្វីដែលខ្ញុំត្រូវផ្តោត គឺសម្រិតសម្រាំងសមត្ថភាពបន្ថែមទៀត ដើម្បីបន្ថយកំហុសរបស់ខ្ញុំឲ្យនៅអប្បបរមា និងបំបាត់អារម្មណ៍ភ័យព្រួយ នៅពេលលេង ។ នៅក្នុងការប្រកួត Volvik Championship ខ្ញុំមានការព្រួយបារម្ភច្រើន ដោយសារតែតារាងនោះមានលក្ខណៈលំបាកសម្រាប់ខ្ញុំ ហើយខ្ញុំបានគិតថា ខ្ញុំប្រហែលជានឹងមិនអាចឈ្នះការប្រកួតនោះទេ»។

លទ្ធផលចុងក្រោយ May បានអរគុណដល់អ្នកគាំទ្ររបស់នាង ដែលបានតាមដានការប្រកួតរបស់នាង និងផ្តល់ការលើកទឹកចិត្ត និងការគាំទ្រជាច្រើនអនេក ដោយនាងថា ការគាំទ្រទាំងនេះហើយ ដែលជាកម្លាំងចិត្តឲ្យនាងបន្តខំប្រឹងហ្វឹកហាត់ និងយកជ័យជម្នះនៅក្នុងការប្រកួតនាពេលអនាគតទៀត៕