(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក ជា ដា មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដពលរដ្ឋដែល ប្រទះឃើញអាវុធ AK47 គុណភាព៩០ភាគរយ ពុំមានបង់ និងគ្រាប់ឡើយ ហើយបានយកទៅប្រគល់ជូនកម្លាំងអាវុធហត្ថ។
លោក បោន ប៊ិន មេបញ្ជាការរងអាវុធហត្ថខេត្តបានថ្លែងថា ជានិច្ចជាកាលកម្លាំងអាវុធហត្ថ យើងតែងតែយកចិត្តទុកដាក់ដល់ សុវត្ថិភាព ស្ថិរភាព សន្តិសុខ បង្ក្រាបរាល់បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ទាំងអស់នេះជាការដឹកនាំ និងបទបញ្ជាដ៏តឹងរឹងរបស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត។
លោកក៏បានផ្តែផ្តាំ ដល់ពលរដ្ឋទាំងអស់ប្រសិនជាប្រទះឃើញ អាវុធយុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍ ជូនកងកម្លាំងប្រដាប់អាវុធគ្រប់លំដាបថ្នាក់ អាជ្ញាធរ ដែលនៅជិតលំនៅដ្ឋានបំផុត។
ពលរដ្ឋប្រទះឃើញអាវុធមានឈ្មោះ ទឹម ហន អាយុ៥៦ឆ្នាំ រស់នៅភូមិ-សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាវុធប្រភេទ AK47 ខណៈពេលគាត់ទៅរើសអេតចាយ នៅគំនរសំរាម ស្រាប់តែឃើញក្រណាត់ភួយរុំ ក៏សង្ស័យយកហែកមើលក៏ឃើញអាវុធ រួចក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង ។
អំណោយទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ិវ ៥យួរ ទឹកសុទ្ធ៥កេស មី៥កេស និងថវិកាចំនួន២០ម៉ឺនរៀល៕