(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញឈ្មោះ ដែលទើបនឹងចេញផ្សាយតាមរយៈសារព័ត៌មាន Fresh News ថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹង លិខិតមួយសន្លឹករបស់លោក សម រង្ស៊ី» ភ្លាមៗបន្ទាប់ពីការចេញផ្សាយ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបនៅក្នុងវេទិការរបស់វិទ្យុអាស៊ីសេរីនាយប់មិញនេះ ដោយបានបង្ហាញភាពអាក្រក់ និងក្រឡាសារទទួលស្គាល់ នូវការប្រព្រឹត្តទង្វើរបស់ខ្លួន។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈវិទ្យុអាស៊ីសេរីបែបនេះ, ភ្លាមៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ខ្ញុំគ្មានពេលនិងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅក្រៅប្រទេសនោះទេ»។
សូមជំរាបថា កាលពីម្សិលមិញមន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី នោះទេ ព្រោះលិខិតនេះមិនបានបង្ហាញពីភាពទទួលខុសត្រូវរបស់លោក សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សនោះទេ»។
មន្រ្តីជំនិតបំផុតដដែលរូបនោះបានបញ្ជាក់ទៀតថា ការលើកឡើងនៅក្នុងលិខិតនោះមានលក្ខណៈកេងចំណេញផ្នែកនយោបាយ, ហើយការពិតគណបក្ស សង្គ្រោះជាតិ ជាបក្សដែលចូលចិត្តប្រើប្រាស់អំពើហឹង្សា លាបពណ៌ ប្រមាថ និងវាយប្រហារគេឯង ប៉ុន្តែបែរជាលើកឡើងថា ខ្លួនជាអ្នកប្រឆាំងនឹងទង្វើនេះទៅវិញ។
ចំណែកមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលលឺនឹងត្រចៀកផ្ទាល់បានទម្លាយប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះដែរថា ការពិតលោក សម រង្ស៊ី ជាអ្នកនិយាយនៅក្នុងអង្គប្រជុំផ្ទាល់តែម្តង ដោយបញ្ជា និងបង្គាប់ឲ្យសកម្មជន របស់ខ្លួន (Brady N Young ឈ្មោះនៅក្នុង Facebook) ឲ្យធ្វើទង្វើវាយប្រហារ និងប្រមាថកាតទានចំពោះភរិយា និងកូនប្រុសរបស់សម្តេចតេជោ ប៉ុន្តែនៅពេលនេះបែរជាធ្វើលិខិតសម្តែងការសោកស្តាយទៅវិញ៕