(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសាកសួរបន្ថែមទៀត លើ លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក នៅតុលាការ។ ជាការសាកសួរបន្ថែម ក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងពាក្យបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
កាលពីម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន សាកសួរបន្ថែម លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿង សមគំនិតស៊កប៉ាន់សាក្សី ហើយថ្ងៃនេះសាកសួរបន្ថែមទៅទៀត លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក។
គួរបញ្ជាក់ថា លោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីចុងខែមេសា ជាមួយមន្រ្តីអាដហុក៣រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា ជាមួយនិង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។
មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕