(កំពត)៖ លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន៣ចំណុចជូនដល់សមាជិកានិងយុវតីក្នុងកម្មវិធី «ជួបនឹងបងស្រីឆ្នើម» ដែលរៀបចំឡើងនៅខេត្តកំពត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង៤០០នាក់។

ចំណុចទាំងបីនោះ រួមមាន៖
១. ចាប់ផ្តើមជួយសង្គមរបស់អ្នកពីចំណុចតូចៗទៅ។
២. រៀនពីអ្នកដទៃដើម្បីជួយខ្លួនឯង និងសង្គម។
៣. ធ្វើការអ្វីមួយ ធ្វើដោយស្ម័គ្រចិត្ត ទឹកចិត្ត និងដោយបេះដូង ដែលចំណុចទាំង៣នេះ គឺពិតជាអនុសាសន៍ដ៏ល្អ និងការលើកទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់កុមារី យុវតី និងស្ត្រី អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកស្រី ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង បានមានឱកាសបញ្ចេញភាពក្លាហានតាមរយៈការសាកសួរសំណួរ និងទទួលនូវសារសំខាន់ៗដែលលោកស្រីបានចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចឱ្យពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជីវិតប្រសើរ។

លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះសកម្មភាពពិតប្រាកដរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយបានអភិវឌ្ឍ ចំណេះដឹងសមត្ថភាពជំនាញសីលធម៌គុណធម៌ដើម្បីដឹកនាំជីវិតរបស់ពួកគេ៕