(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar's Cup លើជុំប្រកួត Tourament of Champion នាទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ដល់ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួមជាង៦០ប្រទេស ក្នុងនោះសិស្សានុសិស្សកម្ពុជា បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន នឹងដណ្តើមបានមេដាយមាសចំនួន៤៤គ្រឿង និងប្រាក់ចំនួន ៦៩គ្រឿង ។

គូសបញ្ជាក់ផងដែរថា The World Scholar's Tourament of Champion ប្រចាំឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តឡើងរយៈពេល ១សប្តាហ៍ ជាមួយគ្នានោះក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបញ្ជូនសិស្សានុសិស្សកម្ពុជាចំនួន ៤១រូបជាបេក្ខជនឆ្នើម ដែលមកពីសាលាផ្សេងៗគ្នាបានទៅចូលរួម នឹងដណ្តើមបានពានរង្វាន់មេដាយមាស និងមេដាយប្រាក់ ជាច្រើននាទឹកដីសហរដ្ឋអាមេរិកផងដែរ។

កម្មវិធីប្រកួតប្រជែងខាងលើនេះត្រូវបែងចែកជាក្រុមនឹងចូលរួមចំនួន៤ វិញ្ញសារ រួមមាន៖ វិញ្ញសារប្រឡងរួមមាន៖ Team Debate, Collaborative Writing, Scholar's Challenge និង Scholar's Bowl វិញ្ញាសារឆ្នាំនេះត្រូវបានរៀបចំ និងផ្តោតលើ Topics of exploration, from Science & Technology To Edit a Planet, Special Area Mistakes & Recoveries, Social Studies, Out with the Old, History, The History of Succession, Art & Music, Second Chances, Second Glances, Literature & Media Reboots, Sequels, and Reconsiderations will be drawn from this year’s World Scholar’s Cup theme, A World Renewed។

លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ដែលបានទទួលមេដាយចំនួន១៥ ដើម្បីជូនមាតាបិតា ក៏ដូចជាជូនជាតិមាតុភូមិ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជន ឈាង​ សុខីវុឌ្ឍ ជាសិស្សមកពីសាលា ផារ៉ាហ្គន បានឱ្យដឹងថា ក្នុងចំណោមមេដាយទាំង១៥ ដែលខ្លួនទទួលបាននោះ មានមេដាយមាន ៨ និងមេដាយប្រាក់ ៧ ជាមួយការប្រកួតដែលមានច្រើនមុខវិទ្យា ហើយនិងទទួលបានពិន្ទុល្អសម្រាប់មុខវិទ្យាទាំងនោះផងដែរ។

យុវជន ឈាង សុខីវុឌ្ឍ បានបន្ថែមដែរថា សម្រាប់កូនខ្មែរយើងគឺពិតជាមានសមត្ថភាពខ្លាំងៗ មិនចាញ់បរទេសនោះឡើយ តាមរយៈការប្រកួតប្រជែងៗផ្សេងៗកន្លងមក ហើយបើសិនជាកូនខ្មែរប្រឹងប្រែង តស៊ូឱ្យកាន់តែខ្លាំងបន្ថែមទៀត នឹងមានសមត្ថភាពខ្លាំងដូចជាប្រទេសគេផងដែរ។ យុវជនរូបនេះក៏បានអះអាងដែរថា ការប្រឡងលើកនេះក៏មានភាពលំបាកមួយចំនួនផងដែរ ដោយសារទាមទារឱ្យមានការប្រើប្រាស់ភាសាអង់គ្លេសច្រើន។

ដោយឡែក យុវតី ជួរ គឹមលី ជាសិស្សសាលា CIA First បានឱ្យដឹងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ និងអបអរចំពោះខ្លួនឯង ដែលទទួលបានជោគជ័យមួួយនេះទៅលើការប្រកួតប្រជែងដ៏ សំខាន់មួយនេះដែលមានសិស្សានុសិស្សជាច្រើនប្រទេសបានចូលរួម។

យុវតី រូបនេះបានបញ្ជាក់ដែរថា សម្រាប់ការប្រកួតនៅសហរដ្ឋអាមេរិកនេះ មានសិស្សពូកែៗជាច្រើនបានមកចូល តែអ្វីដែលសំខាន់គឺនាងមានជំនឿជាក់លើខ្លួនឯង ជាមួយនឹងការខិតខំប្រឹងប្រែងបន្ថែមតាមរយៈការប្រឹងប្រែងមើលមេរៀន​ ជាមួយនឹងការប្រឹងប្រែងស្រាវជ្រាវ រកបទពិសោធន៍ឱ្យបានច្រើនលើការប្រឡង ដោយហេតុថា ការប្រកួតប្រជែងមួយនេះគឺមានសិស្សពូកែជាច្រើនមកពីប្រទេសជាច្រើននៅជុំវិញពិភពលោកបានចូលរួមផងដែរ។

បន្ថែមពីនេះសម្រាប់អាណាព្យាបាលសិស្ស ដែលបានទៅលើកទឹកចិត្ដដល់សហរដ្ឋអាមេរិក និងជាតំណាងឱ្យអាណាព្យាបាលទាំងអស់លោក កើត សេកាណូ បានឱ្យដឹងថា ក្រោយបានទៅលើកទឹកចិត្នដោយផ្ទាល់នៅសហរដ្ឋអាមេរិក ឃើញថា កូនខ្មែរយើងគឺពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក ជាមួយបណ្តាប្រទេសធំៗជាច្រើនលើសកលលោក ហើយក៏បានឃើញយ៉ាងច្បាស់ថា សមត្ថភាពរបស់កូនខ្មែរពិតជាមានភាពរីកដុះដាលខ្លាំងគួរឱ្យគត់សម្គាល់ផងផងដែរ។

ជាមួយគ្នានោះ លោក កើត សេកាណូ ក៏បានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់ ត្រូវជួយជំរុញនិងលើកទឹកចិត្តកូនឱ្យទៅធ្វើការប្រកួតប្រជែងនៅក្រៅប្រទេសឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យកូនរបស់ខ្លួន បានបង្ហាញពីសមត្ថភាពលើឆាកអន្តរជាតិ ក៏ដូចជាជួយលើកស្ទួយមុខមាត់របស់ប្រទេសជាតិផងដែរ។

ជាមួយគ្នានោះដែរលោក ឯល ណូរី ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញសិស្សានុសិស្ស កម្ពុជាទទួលបានមេដាយមាសប្រាក់ជាច្រើន។ តាមរយៈសមទ្ធិផលទាំងនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបាន ឪកាសប្រកួតប្រជែងសមត្ថភាពលំដាប់ពិភពលោក។ ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សពិត ជាធ្វើឲ្យមាតាបិតា លោកគ្រូ អ្នកគ្រូ មានមោទនភាពជាខ្លាំង ហើយសមិទ្ធផលដែលទទួលបានលើកនេះ អាចជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សកាន់តែប្រឹងប្រែង និងស្វាហាប់បន្ថែមទៀត៕