(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉​ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ដែលប្រព្រឹត្ដទៅនៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ បានថ្លែងថា «ថ្ងៃនេះយើងបើកវគ្គប្រឡងក្របខណ្ឌមន្ដ្រីសុខាភិបាលទូទាំងប្រទេស ដែលមានបេក្ខជនចំនួន១១,៨៩៨នាក់ ហើយយើងត្រូវការជ្រើសរើស ៣,៣២៤នាក់ សម្រាប់នៅថ្នាក់កណ្ដាល (អង្គភាពថ្នាក់មជ្ឈឹម) ចំនួន៩១៣នាក់ អង្គភាពរាជធានីខេត្ដ ចំនួន២,៤១១នាក់ ដែលជ្រើសរើសចំនួន២០មុខវិជ្ជា»

លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ការអញ្ជើញមកបើកវិញ្ញាសារប្រឡងនេះ ក៏មានការចូលរួមពីក្រសួងមុខងារសាធារណៈ ​ឧបការីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ​ ដើម្បីជាសាក្សីក្នុងការពិនិត្យការងារប្រឡងយើង ដើម្បីប្រាកដថា យើងផ្ដល់ភាពយុត្ដិធម៌ដល់សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋរបស់យើង ពិសេសឱ្យប្រាកដប្រជាថា យើងធ្វើបានត្រឹមត្រូវទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយធ្វើឱ្យប្រជាជនមានជំនឿទុកចិត្ដ លើប្រព័ន្ធប្រឡងជ្រើសរើសក្របខណ្ឌរបស់រាជរដ្ឋាភិបាល»
៧១៣

លោករដ្ឋមន្ដ្រីបានបន្ដថា ចំពោះអ្នកគ្រប់គ្រង និងអនុរក្ស មានចំនួន ៧១៣នាក់ ក្នុងនោះមានអ្នកសង្គេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ​ ចំនួន២០០នាក់ផងដែរ។ ចំណែកចំពោះការធ្វើកំណែការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២នេះ អាចកែហើយបានឆាប់ៗព្រោះប្រើប្រព័ន្ធអេឡិចត្រូនិច។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ថែមថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំមណ្ឌលប្រឡងចំនួន៤​ រួមមាន៖
១៖ មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង១
២៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង២
៣៖ មណ្ឌលវិទ្យាល័យបាក់ទូក និង
៤៖ មណ្ឌលសាលាបឋមសិក្សាបាក់ទូក៕