(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួប លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសដែល លោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ នៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់ លោក វឿង ឌិញហ្វេ នាឱកាសនេះ ពិតជាបញ្ជាក់ឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជនទាំងពីរ ដែលមានជាយូរលង់មកហើយ ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង។

បន្ទាប់មកពីកិច្ចពិភាក្សាទ្វេរភាគីរួចមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងខុទ្ធកាល័យរដ្ឋសភាវៀតណាម ដែលចុះហត្ថលេខាដោយ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងលោក Bui Van Cuong ខុទ្ទកាល័យរដ្ឋសភាវៀតណាម។

អនុស្សរណៈនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-វៀតណាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសេនាធិការ របស់សភានៃប្រទេសទាំងពីរ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ព្រមទាំងភាគីទាំងពីរបន្តពង្រឹងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗ ដើម្បីគាំទ្រដល់សភាទាំងពីរ និងគណៈកម្មការធិការសភានៃប្រទេសទាំងពីរ ក្នុងការអនុវត្តមុខងារ និងភារកិច្ចដូចដែលក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសនីមួយៗ៕