(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ណែនាំក្រុមការងារជំរុញយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងធ្វើបច្ចុប្បន្នភាពក្រុមការងារគណបក្សឲ្យបានល្អប្រសើរថែមទៀត ព្រមទាំងបំពេញរចនាសម្ព័ន្ធដែលនៅខ្វះចន្លោះឲ្យបានឆាប់ រួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ ដោយបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឡើងវិញ។

ក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងក្រុមការងារចុះមូលដ្ឋានតាមបណ្ដាឃុំក្នុងស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ឃួន ឃុនឌី ក៏បានរំលឹកដល់ក្រុមការងារត្រូវចុះដល់មូលដ្ឋាន និងធ្វើជំរឿនសមាជិកបក្សឲ្យបានពិតប្រាកដដើម្បីយកឈ្នះ ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ។

លោកស្រីបន្ដថា ក្រុមការងារត្រូវចូលរួមរក្សាបានលទ្ធផលឆ្នោតឲ្យបាន ហើយត្រូវបន្តការកសាងបក្ស រក្សាចាស់កសាងថ្មី និងខិតខំបន្តចុះជួយបក្សតាមមូលដ្ឋាន ខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង ហើយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព។

លោកស្រី ឃួន ឃុនឌី បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានល្អប្រសើឆ្ពោះទៅមុខ តែនៅមានមន្ត្រីមួយចំនួនហាក់មើលស្រាល ការងាររបស់ខ្លួន ពិសេសត្រូវពង្រឹងការងារនៅមូលដ្ឋានឡើងវិញ។

លោកស្រី ឃួន ឃុនឌី បានលើកទឹកចិត្តជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ភូមិ ឃុំ ក្នុងឆន្ទៈចូលរួមកសាង និងអភិវឌ្ឍន៍មូលដ្ឋានផ្ទាល់បម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងផ្តាំផ្ញើឲ្យយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឲ្យបានល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះលោកស្រី បានផ្តល់នូវកុំព្យូទ័រយួរដៃមួយគ្រឿង ដល់គណបក្សឃុំកំពង់ស្វាយ សម្រាប់បញ្ចូលទិន្នន័យសមាជិក និងបម្រើការងារផ្សេងៗផងដែរ៕