(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៨៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំសុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានចំនួន៥៨៩នាក់។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែក លោកទាំងពីរបានយកចិត្តទុកដាក់ខ្លាំងចំពោះសុខមាលភាពក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថា សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀនសូត្របានទៀងទាត់ ដែលនឹងឲ្យក្មួយរៀនពូកែ និងលទ្ធផលសិក្សាបានល្អ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង៨ពាន់នាក់។ ក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ បានបញ្ចូនមក និងវះកាត់ដោយជោគជ័យផងដែរ។

លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងអស់គ្នា។ ដោយសារបានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបកម្ពុជាបានជៀសផុតពីជំងឺកូវីដ១៩ ដែលផ្តល់ឱកាសឲ្យគ្រប់គ្នាបានជួបជុំដោយផ្ទាល់ឡើងវិញ ក៏ដូចជាក្មួយៗ បានត្រលប់មកសិស្សាវិញ។

លោកស្រីអភិបាលរងខណ្ឌ ក៏បានផ្ដល់ដំបូន្មានឲ្យសិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រ ឲ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

លោកស្រី ឈុន ស៊ុន​នី បានថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សអនុវិទ្យាល័យគោកបញ្ជាន់ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រៅពីការពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំសុខភាពមាត់ធ្មេញ-សុខភាពទូទៅ ក្រុមការងារក៏បាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន២ក្បាល, ប៊ិច ចំនួន២ដើម, ជែលលាងដៃ ៥ដប, ម៉ាស ចំនួន២០ម៉ាស, ច្រាសដុសធ្មេញ១ និងជូនសាលាជែលលាងដៃ ចំនួន១០០ដបធំ និងម៉ាស់ ចំនួន៥,០០០ម៉ាស៕