(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានជំនួបពិភាក្សាទ្វេរភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិចំនួន៥ប្រទេស ក្នុងពេលតែមួយដែលមិនធ្លាប់មានពីមុន រួមមាន អាមេរិក អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង និងចិន។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា សម្រាប់កិច្ចប្រជុំនេះរដ្ឋមន្ត្រីការពារជាតិអាស៊ាន មានការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់ក្រសួងការពារជាតិ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ព្រមទាំងមានសហការយ៉ាងម៉តចត់ពីសំណាក់អ្នកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា៖ «កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងឱកាសព្រឹត្តិការណ៍ដែលយើងធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រារព្ធនៅខេត្តសៀមរាប កម្ពុជាបានរៀបចំឱ្យមានទស្សនកិច្ចទ្វេរភាគី ដែលក្នុងពេលតែមួយនេះ យើងទទួលដំណើរទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការពារជាតិប្រទេសចំនួន៥ ដែលមិនធ្លាប់មាន គឺសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា, កូរ៉េខាងត្បូង និងចិន»

ជាមួយគ្នានេះ បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរដែលសម្តេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំ និងទទួលជួបសម្ដែងការគួរសមរួមគ្នាពីសំណាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងអគ្គលេខាធិការអាស៊ានផងដែរ។

ជាងនេះទៅទៀត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។ ដោយឡែកនៅក្នុងពិធីបិទបញ្ចប់ នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនលោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣ ផងដែរ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក នឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅខេត្តសៀមរាប។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសចំនួន៨រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី៕