(កំពង់ឆ្នាំង)៖ សិស្សមធ្យមសិក្សាជាង១០០នាក់ មកពី១៨វិទ្យាល័យ ក្នុងខេត្តកំពង់ឆ្នាំង បានមកចូលរួមជជែកដេញដោលគ្នា ក្រោមវិធានបទ «ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិ កា ឆ្នាំ២០២២ នៅវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ស្ថិតក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងគណៈកម្មការចូលរួមសរុបជិត២០០នាក់។

ក្នុងពិធីជជែកដេញដោលពាក់ព័ន្ធនឹងប្រធានបទ «ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ» ខាងលើនេះ សិស្សានុសិស្សដែលបានមកចូលរួមទាំង១៨វិទ្យាល័យ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចែកចេញជាក្រុមដែលមាន ជាង៣០ក្រុម ក្នុងមួយក្រុមមានគ្នា៣នាក់ និងដោយមានការរៀបចំជជែកដេញដោលជម្រុះនៅចំពោះមុខគណៈកម្មាការ ដោយចម្រាញ់យកតែ៤ក្រុម សម្រាប់ទទួលពាន រង្វាន់តែប៉ុណ្ណោះ។

ឆ្លងតាមការជជែកដេញដោលនៅចំពោះមុខគណៈកម្មការពេញមួយថ្ងៃ កម្មវិធីបានរកឃើញសិស្សពូកែចំនួន៤ក្រុម ដើម្បីត្រៀមបន្តជជែកដេញដោលនៅចំពោះមុខគណៈអធិបតី និងគណៈកម្មាធិការនៅលើវេទិកាកិត្តិយស ក្នុងការចម្រាញ់យកលេខ១ លេខ២ និងលេខ៣ស្ទួន បន្ទាប់ពីគណៈកម្មការបានតាំងសំណួរជាច្រើនសំណួរជូនប្អូនៗសិស្សានុសិស្សទាំង៤ក្រុម ដើម្បីធ្វើការជជែកដេញ ដោលរវាងក្រុមស្រប និងក្រុមបដិសេធន៍នៅលើវេទិកា កិត្តិយសរួចមក។ កម្មវិធីបានរកឃើញសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ស្ទួន ដើម្បីទទួលពានរង្វាន់ពីគណៈអធិបតីផងដែរ។

ក្នុងនោះសិស្សដែលទទួលបានជ័យលាភីលេខ១គឺ បានទៅលើសិស្ស ដែលមកពីវិទ្យាល័យស្រុកកំពង់លែង លេខ២ បានទៅលើសិស្សវិទ្យាល័យរលាប្អៀរ លេខ៣ស្ទួន បានទៅលើសិស្សមកពីវិទ្យាល័យទឹកហូត និងវិទ្យាល័យ កំពង់ត្រឡាច។ ចំណែកសិស្សជាប់ចំណាត់ថ្នាក់ជ័យលា ភីលេខ១ ទទួលបានប្រាក់លើកទឹកចិត្ត៣លានរៀល, លេខ២ ទទួលបានប្រាក់២លានរៀល ,លេខ៣ស្ទួនទទួល បានប្រាក់១លានរៀល ដោយឡែកសិស្សចំនួន៣៣ ក្រុមផ្សេងទៀត ដែលពុំជាប់ចំណាត់ថ្នាក់ ក្នុង១ក្រុមទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០ម៉ឺនរៀលផងដែរ។

នៅក្នុងឱកាសឡើងប្រគល់រង្វាន់ដល់សិស្សានុសិស្សដែលបានមកចូលរួមជជែកដេញដោលពាក់ព័ន្ធ និងប្រធានបទខាងលីនេះ លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ សាកលវិទ្យាល័យអន្តរជាតិ (IU) អង្គការាត់ធ័រកម្ពុជា (water Aid Cam bodai) មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ដើម្បីសម្របសម្រួលបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងជជែដេញដោល (ថ្នាក់តំបន់២) ដោយដំណើរការបានយ៉ាងល្អ ប្រសើរ ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។

លោកក៏បានបញ្ជាក់ថា ចំពោះវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាត ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានអនុម័តផែនការយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទសម្រាប់ឆ្នាំ២០១៤-២០២៥ ផងដែរ។

លោកក៏សូមកោតសរសើរចំពោះប្អូនៗ សិស្សានុសិស្សដែលជាយុវជន ហើយថ្ងៃនេះប្អូនៗមានភាពក្លាហាន បានមកបញ្ចេញនូវសមត្ថភាពចំណេះដឹងផ្នែកទឹកស្អាត អនាម័យ និងវិធីបង្ការរោគ នាថ្ងៃនេះដែរប្អូនៗជាសិស្សានុសិស្ស ជាយុវជនបានបញ្ចេញវោហាសាស្ត្រ និងជជែកដេញដោលជាសាធារណៈប្រកបដោយភាពក្លាហាន ក្នុងនាមប្អូនៗដែលជាយុវជនទំពាំងស្នងឬស្សី ថ្ងៃនេះប្អូនៗទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗតាមរយៈការសិក្សាស្រាវជ្រាវ ក៏ដូចជាទទួលបានមតិយោបល់ពីគណៈកម្មការជំនាញលើការងារទឹកស្អាត អនាម័យ និងវិធីបង្ការរោគ បទពិសោធន៍ដ៏ល្អនេះ សង្ឃឹមថា ប្អូនៗនិងយកទៅអនុវត្តលើខ្លួនយើងដោយផ្ទាល់ផង ក៏ដូចជាស ម្រាប់យកទៅអប់រំដល់ ក្រុមគ្រួសារ និងមិត្តភក្កិរបស់ប្អូនៗឱ្យមានការយល់ដឹងជាបន្តផងដែរ៕