(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការលើកឡើង ដោយគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវនិងមិន សមហេតុផល របស់មជ្ឈដ្ឋានកាសែតក្នុងស្រុកមួយចំនួន ដែលបានធ្វើបទសម្ភាសពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលថា មាត្រាមួយចំនួននៃច្បាប់នេះ រំលោភលើមាត្រាជាច្រើននៃរដ្ឋធម្មនុញ ដែលងាយស្រួលឲ្យរាជរដ្ឋាភិបាលធ្វើការ រំលោភអំណាច។
សេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធនូវរាល់ ការលើកឡើងគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវ និងមិនសមហេតុផល ក្នុងចេតនាមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា»។
ក្រសួងមហាផ្ទៃបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលគឺជាដៃគូ មួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក កសាងប្រទេសជាតិ និងបានលើកទឹកចិត្ត តាមគ្រប់រូបភាពដល់ សមាគមនិងងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងធ្វើសកម្មភាព បម្រើប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការគាំពារលើកស្ទួយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ស្របតាមច្បាប់ និងគោលការណ៍ដែលបានកំណត់៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃទាំងស្រុង៖