(ភ្នំពេញ)៖ ក្នុងពេលឆាប់ៗខាងមុខនេះ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC នឹងរៀបចំវេទិកាជាមួយភាគីពាក់ព័ន្ធប្រចាំតំបន់លើកទី១៣ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីគម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងបង្ហាញជាពិសេសពីកិច្ចសហប្រតិបត្តិការ ដ៏ស៊ីជម្រៅជាមួយសកម្មជន តំណាងឱ្យប្រយោជន៍នៃក្រុមគ្រួសារនេសាទ និងកសិកររាប់លាននាក់ ក្នុងតំបន់ទន្លេមេគង្គ។

វេទិកានេះនឹងធ្វើឡើងចាប់ពី១២ ដល់១៣ ខែធ្នូ នឹងប្រារព្ធឡើងក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយនឹងត្រូវផ្សាយបន្តផ្ទាល់ក្នុងពេលតែមួយតាមប្រព័ន្ធអនឡាញ។ វេទិការយៈពេលមួយថ្ងៃកន្លះនេះ នឹងបើកបង្ហាញបញ្ហាប្រឈមជាច្រើន ដែលអាងទន្លេកំពុងជួបប្រទះ ក៏ដូចជាដំណោះស្រាយដែលបានស្នើផងដែរ ក្នុងនោះរួមមានការធ្វើឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ចពីការអភិវឌ្ឍន៍ធនធានទឹក រហូតដល់ការកាត់បន្ថយផលប៉ះពាល់នានាឲ្យដល់កម្រិតទាបបំផុតលើប្រព័ន្ធអេកូឡូស៊ី ឬសហគមន៍តាមដងទន្លេ និងការគ្រប់គ្រងការខូចខាតបណ្តាលមកពីកត្តាមនុស្ស និងការប្រែប្រួលអាកាសធាតុ។

ខណៈដែលអ្នកចូលរួម នឹងទទួលបានព័ត៌មានបច្ចុប្បន្នភាពពីទំនប់វារីអគ្គិសនីមួយចំនួនតាមដងទន្លេ មេគង្គ គេក៏មានឱកាសចែករំលែកពីទស្សនៈ ការព្រួយបារម្ភ និងមតិយោបល់ផ្សេងៗរបស់គេផងដែរ។ បន្ថែមពីនេះ អង្គការសង្គមស៊ីវិល (CSOs) កំពុងរៀបចំរបៀបវារៈរួមគ្នាសម្រាប់ថ្ងៃទីពីរនៃវេទិកា ដែលនេះជាសញ្ញាមួយនៃកំណើនក្នុងការចូលរួមផ្តល់មតិយោបល់ ក្នុងការរៀបចំអាទិភាពរបស់ MRC។ វាក៏បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ MRC ក្នុងការស្នើសុំមតិកែលម្អដែលអាចមាន និងការចូលរួមយ៉ាងស៊ីជម្រៅជាមួយនឹង CSOs។ នេះបើយោងតាមប្រសាសន៍របស់បណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC។

បណ្ឌិត ខិធិឃួន ថ្លែងថា «អ្នកមិនអាចធ្វើអ្វីមួយឲ្យបានល្អប្រសើរតែម្នាក់ឯងបានទេ ប៉ុន្តែយើងអាច ប្រសិនបើយើងធ្វើរួមគ្នា។ ទន្លេមេគង្គជាកម្មសិទ្ធរបស់ពលរដ្ឋគ្រប់គ្នា ដូច្នេះយើងមានទំនួលខុសត្រូវរួម មិនត្រឹមតែលើការអភិវឌ្ឍទន្លេនេះទេ ប៉ុន្តែថែមទាំងគាំពារវាទៀតផង»

នៅក្រោមប្រធានបទ «ការបង្កើតដំណោះស្រាយរួមគ្នា សម្រាប់សុខភាពអាងទន្លេមេគង្គ» វេទិកានេះ តំណាងឱ្យផ្នែកមួយនៃបេសកកម្មរបស់ MRC ដែលជាស្ថាប័នអន្តររដ្ឋាភិបាល រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម មានតួនាទីជា «មជ្ឈមណ្ឌលចំណេះដឹង» ប្រកបដោយតម្លាភាពមួយ និងវេទិកាសម្របសម្រួល «ការទូតទឹក» មួយ។

ក្រៅពីមន្ត្រី MRC និងតំណាងរដ្ឋាភិបាល ដែលនឹងចូលរួមវេទិកាលើកទី១៣ នេះ អ្នកចូលរួមផ្សេងទៀត រួមមានអ្នកអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី ដៃគូអន្តរជាតិ អ្នកស្រាវជ្រាវ សកម្មជនមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍តាមដងទន្លេមេគង្គ។

ខណៈដែលកាលពីមុនគេមើលឃើញ MRC ជា «ភាគីប្រឆាំង» ថ្មីៗនេះ MRC បានខិតខំបង្កើតនូវវេទិកាជាច្រើន សម្រាប់ការយល់ដឹងរួម ការចូលរួមពីភាគីពាក់ព័ន្ធ និងដើម្បីពង្រីកមតិយោបល់ផ្សេងគ្នាៗ លើវិស័យនេះទាំងមូល។

បណ្ឌិត ខិធិឃួន បន្តទៀតថា «ខ្ញុំរីករាយនឹងបង្កើតឲ្យបានកាន់តែច្រើននូវលំហសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅ។ យើងទទួលស្គាល់ពីតម្រូវការក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្ត ព្រោះថាអ្នកមិនអាចធ្វើការរួមគ្នា ដោយគ្មានទំនុកចិត្ត និងការយល់ដឹងពីបញ្ហាប្រឈមនានា ដែលភាគីនីមួយៗជួបប្រទះនោះទេ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នា ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនេះ ដើម្បីទន្លេតែមួយគត់របស់យើង»

នៅក្នុងចំណោមរបៀបវារៈសំខាន់ៗ សិក្ខាកាមនឹងទទួលបានព័ត៌មានពីរបកគំហើញដំបូងខ្លះៗនៃការសិក្សាស្រាវជ្រាវរួមដ៏សំខាន់រវាង MRC និងមជ្ឈមណ្ឌលទឹកស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលតំណាងឲ្យប្រទេសតាមដងទន្លេឡាងឆាង-មេគង្គទាំង៦។ ការសិក្សានេះ បានបង្ហាញនៅវេទិកាភាគីពាក់ព័ន្ធប្រចាំតំបន់លើកទី១២ កាលពីខែមិថុនា ដែលមានគោលបំណងស្វែងយល់ពីការប្រែប្រួលរបបរំហូរទឹក បង្កដោយអាកាសធាតុ និងការអភិវឌ្ឍ, បង្កើនការចែករំលែកព័ត៌មានពីផលប៉ះពាល់នៃប្រតិបត្តិការអាងស្តុកលើរំហូរទឹកទន្លេមេគង្គ ការបញ្ចេញទឹក និងគុណភាពទឹក, និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយ និងបន្សុំាទៅនឹងផលប៉ះពាល់នានា។ ទិន្នន័យបែបនេះ ក៏បានដើរតួនាទីសម្រាប់ជូនពត័មានជាមុនដល់បណ្តាលប្រទេស និងសហគមន៍នៅផ្នែកខាងក្រោមទន្លេ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេរៀបចំផែនការទៅតាមការប្រែប្រួលនានា ឬទាញយកប្រយោជន៍ពីឳកាសណាមួយ។

របៀបវារៈផ្សេងទៀតដែលនឹងលើកយកមកបង្ហាញពិភាក្សាក្នុងអំឡុងពេលវេទិកា រួមមាន៖ ដំណើរការរបស់បណ្តាញតាមដានស្នូលសម្រាប់ទន្លេ ការគាំពារសុខភាពទន្លេមេគង្គ, បច្ចុប្បន្នភាពពីគម្រោងទំនប់វារីអគ្គិសនីមួយចំនួន រួមទាំងទំនប់ដនសាហុង សាណាខាំ សេកុងអា និងគម្រោងទំនប់ភូងយដែលបានស្នើ, របៀបដែលការអភិវឌ្ឍទំនប់វារីអគ្គិសនីជះឥទ្ធិពលលើជលផល និងការចិញ្ចឹមជីវិត រួមទាំងយន្តការកាត់បន្ថយផលប៉ះពាល់ ប្រភពផ្សេងៗនៃប្រាក់ចំណូល និងទម្រង់ផ្សេងទៀតនៃ «ការរស់នៅប្រកបដោយចីរភាព», វិធីពង្រឹងភាពជាដៃគូរវាង MRC, CSOs និងវិស័យឯកជន។ ជាពិសេស វិធីធ្វើការសម្រេចចិត្តឲ្យកាន់តែមានបរិយាប័ន្ន សម្រាប់គម្រោងដែលលើកកម្ពស់ភាពចម្រុះ និងសមភាពយេនឌ័រ៕