(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងបានអញ្ជើញជាអធិបតីភាពចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបបរិបទជាក់ស្តែង។

តបតាមការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា លោក វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។

រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោក វឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា មុនពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានជួបពិភាក្សាការងារទ្វេភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ដោយភាគីទាំងពីរបានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ នាពេលកន្លងមក។

លោក វឿង ឌីញ ហ្វេ បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ពិសេសរដ្ឋសភាប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ ទាំងនៅក្នុងកម្រិតទ្វេភាគី និងអន្តរជាតិ។

លោកបានស្នើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួយជំរុញ និងបង្កលក្ខណៈកាន់តែងាយស្រួលនៅក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។

លោក វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាត AIPA លើកទី៤៣ ទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោកក៏បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង។

សូមជម្រាបថា ដំណើទស្សនកិច្ចរបស់លោក វឿង ឌីញ ហ្វេ នៅកម្ពុជានាពេលនេះបានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ៕