(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលស្គាល់សមាសភាព សមាជិក សមាជិកាស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានកម្មវិធីនេះប្រព្រឹត្តទៅនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ ស.ស.យ.ក.។
បន្ទាប់ពីការធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិ និងសមិទ្ធផល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារួចមក លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាគ្រឹះស្ថានឧត្តមសិក្សា បានលើកឡើងថាការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាគ្រឹះស្ថានឧត្តមសិក្សា ដែលជាស្ថាប័នដ៏មានសក្តានុពល ក្នុងការប្រមូលផ្តុំយុវជន បានផ្តល់ឱកាសឲ្យយុវជនចូលរួមក្នុងសកម្មភាពនានា ដោយចូលរួមអភិវឌ្ឍន៍ជាតិ រក្សាអត្តសញ្ញាណជាតិ និងសកម្មភាពភាពស័្មគ្រចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរ អំពីការរីកលូតលាស់ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់គ្រឹះស្ថានឧត្តមសិក្សា ដែលតែងតែចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកត់ក្តៅចំពោះប្អូនៗ ដែលជាសមាជិក សមាជិកាគ្រឹះស្ថានឧត្តមសិក្សាឯកជន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដែលសម្រេចចិត្តចូលរួមជាមួយ ស.ស.យ.ក. ក្នុងការបំពេញបេសសកម្មធ្វើកិច្ចការងារសង្គម និងកាងារស័្មគ្រចិត្តផងដែរ។
សមាសភាព សមាជិក សមាជិកាស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានប្រកាសបញ្ចូលនាព្រឹកនេះ រួមមាន សាស្រ្តាចារ្យ និងនិស្សិត ដែលមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៣៤ សរុប២,៣៧៤នាក់។
សូមជម្រាបជូនថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ២៥២ស.រ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោក ហ៊ុន ម៉ានី និងមានលោក ស សុខា ជាប្រធាន បង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្តយុវជនឲ្យចូលរួមចំណែកក្នុងសកម្មភាពសហគមន៍នានា លើកកម្ពស់សមត្តភាព វិជ្ជាជីវៈ និងបណ្តុះមនសិការ និងផ្ដល់ផលប្រយោជន៍ផ្សេងៗដល់យុវជន រួមទាំងជួយពង្រឹងសាមគ្គីភាព ភាតរភាព មិត្តភាពរវាងយុវជន និងយុវជន៕