(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្ញើសារសម្តែងការអបអរសាទរ ដល់ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលបានបំបែកឯកទគ្គកម្មពិភពលោក លើការសម្តែងសៀក មានរយៈពេលយូរជាងគេ គឺចំនួន ២៤ម៉ោង ១០នាទី និង ៣០វិនាទី។

ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានព្យាយាមបង្កើតកំណត់ត្រាពិភពលោក ហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង ២៤ម៉ោង។ ការសម្តែងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Records ទើបប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌បានចូលទៅ Comment លើបណ្តាញសង្គមថា «សូមអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាទេពកោសល្យជំនាញវិជ្ជាជីវៈ។ សូមប្អូនៗ បន្តបេសកកម្មទៅមុខ ប្រកបដោយជោគជ័យ»

អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ ម៉ោង ១០នាទី ៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត។

អង្គការ Guinness បានប្រកាសកំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» ឱ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះក្នុងការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

អង្គការហ្វាពន្លឺសិល្បៈត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនកម្ពុជា និងជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឱ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។

អង្គការ Guinness World Records បាននិយាយថា ក្រុមសៀកកម្ពុជា បានជួយកុមារជួបការលំបាកជាង ៨០០នាក់ ហើយបានចាត់វិធានការប្រកបដោយការច្នៃប្រឌិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដើម្បីជៀសវាងការពឹងផ្អែកលើអំណោយ ដោយបង្កើតសៀកមិនប្រើសត្វ និងកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានផ្តល់មូលនិធិទ្រទ្រង់កម្មវិធីជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្ររបស់ពួកគេ។

កំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកផ្សេងទៀតរបស់កម្ពុជា រួមមាន ក្រមាវែងជាងគេបំផុត នំអន្សមធំជាងគេបំផុត អក្ខរក្រមច្រើនជាងគេបំផុត និងអគារសាសនាធំជាគេបំផុតគឺប្រាសាទអង្គរវត្ត៕