(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ។

តាមតារាងកម្មវិធីការងារដែលបានបង្ហាញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ​ ក៏ដូចជាសម្តែងការគួរសមជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន។

នៅថ្ងៃបន្តបន្ទាប់ទៀតសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយចំនួនទៀត រួមមាន៖ ថ្លែងសុន្ទរកថាគន្លឹះបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣, ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣, បិទសន្និបាតខួប៣០ឆ្នាំ វិស័យសកម្មភាពមីនមនុស្សធម៌, បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន...។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពីសំណាកមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកខានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់។ ជាពិសេសបានធ្វើឱ្យសម្តេចតេជោ ខកខានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងផងដែរ។

ចាប់តាំងពីពេលរកឃើញវិជ្ជមានកូវិដ១៩នោះមក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សុខភាពរបស់សម្តេចគឺល្អជាធម្មតាមិនមានបញ្ហាអ្វី ដែលជាសញ្ញាបង្កឡើងដោយមេរោគនោះឡើយ៕