(ក្រុងម៉ាកសី)៖ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានបន្ថែម៣ពិន្ទុទៀតឈរនៅកំពូលតារាងនៃពូល A ជាមួយនឹងការយកឈ្នះជម្រើសជាតិអាល់បានី ២-០ តែស្វីស និងរ៉ូម៉ានី បានម្នាក់១ពិន្ទុ ក្រោយស្មើ លទ្ធផល ១-១ ក្នុង Euro 2016 យប់មិញនេះ។
តាមរយៈសារព័ត៌មាន Sky Sports បានឲ្យដឹងថា ៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យបារាំង សំលឹងឃើញកៅអីវគ្គ១៦ក្រុមកាន់តែច្បាស់ ដែលជាការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann នៅនាទីទី៩០ និងមិត្តរួមក្រុម Dimitri Payet នៅនាទីទី៩០+២ ក្នុងពហុកីឡដ្ឋាន Valdrome ស្ថិតក្នុងទីក្រុង Marseille ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៦៣៦៧០នាក់។
សូមបញ្ជាក់ផងដែរថា បារាំង ត្រូវជួបក្រុមជម្រើសជាតិស្វីស នៅរាត្រីម៉ោង ២រំលងអាធ្រាត្រថ្ងៃទី១៩ មិថុនា ក្នុងប្រកួតទី៣បញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A ក្រោយឆ្លងកាត់២ប្រកួតមិនដែលបរាជ័យ គឺឈ្នះក្រុមរ៉ូម៉ានី ២-១ និងឈ្នះអាល់បានី ២-០ យប់មិញទៀត ឈរកំពូលតារាង គ្រាដែលស្វីសតាមពីក្រោយ មាន៤ពិន្ទុ បន្ទាប់ទទួលបាន១ពិន្ទុ ពេលស្មើ ១-១ ជាមួយរ៉ូម៉ានីទៀត។
ក្នុងការប្រកួតសន្សំពិន្ទុនេះដែរ ក្រុមលេខ១ និងលេខ២ ដែលមានពិន្ទុខ្ពស់ជាងគេនៃពូលនីមួយៗឡើងទៅវគ្គ១៦ក្រុម គ្រាដែលក្រុមឈរនៅលេខ៣ ចំនួន៤ក្រុមមានពិន្ទុខ្ពស់ជាងគេ ក៏ត្រូវឡើងទៅដែរ ដោយទម្លាក់តែ៨ក្រុមចេញតែប៉ុណ្ណោះ ក្នុងចំណោម២៤ក្រុមដែលបានឡើងមកវគ្គចែកពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ នៅប្រទេសបារាំងនេះ៕